អនុប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក Hussein al-Sheikh បានប្រាប់ទូរទស្សន៍ Al Arabiya TV ថា សហរដ្ឋអាមេរិក គឺជាភាគីតែមួយគត់ ដែលមានសមត្ថភាពបង្ខំអ៊ីស្រាអែលឲ្យបញ្ឈប់សង្គ្រាមនៅតំបន់ហ្កាហ្សាស្ទ្រីប។
លោកបាននិយាយថា៖សហរដ្ឋអាមេរិក គឺជាភាគីតែមួយគត់ដែលមានសមត្ថភាពបង្ខំអ៊ីស្រាអែលឲ្យ បញ្ឈប់សង្រ្គាម នៅតំបន់ហ្កាហ្សាស្ទ្រីប» ខណៈពេលដែលបង្ហាញពីក្តីសង្ឃឹមថា ក្រុមហាម៉ាស ក៏នឹងចាត់វិធានការដែលនឹងនាំឲ្យមានការបញ្ឈប់សង្គ្រាមនេះផងដែរ។
លោក Sheikh បានបន្តថា៖«ក្រុមហាម៉ាស គឺជាផ្នែកមួយនៃប្រជាជនប៉ាឡេស្ទីន ហើយមិនអាចត្រូវបានគេលុបបំបាត់ចេញពីជីវិតនយោបាយ [ប៉ុន្តែ] ក្រុមហាម៉ាស ត្រូវផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ដើម្បីក្លាយជាផ្នែកមួយនៃប្រព័ន្ធនយោបាយរបស់យើង»។

លោកបាននិយាយថា អាជ្ញាធរប៉ាឡេស្ទីន «កំពុងទាក់ទងជាមួយក្រុមហាម៉ាស... ហើយឥឡូវនេះ យើងកំពុងមានការពិភាក្សាជាមួយចលនានេះ»។
អនុប្រធានអាជ្ញាធរប៉ាឡេស្ទីនរូបនេះ បានសង្កត់ធ្ងន់ថា៖«ផ្លូវដ៏ល្អបំផុតដើម្បីសម្រេចបានរដ្ឋប៉ាឡេស្ទីន គឺតាមរយៈការតស៊ូដោយសន្តិវិធី មិនមែនជាការតស៊ូដោយអាវុធទេ។ យើងកំពុងចរចាជាមួយអ៊ីស្រាអែល ដើម្បីសម្រេចបាននូវសិទ្ធិរបស់យើង និងបង្កើតរដ្ឋរបស់យើង។ អាទិភាពរបស់យើង គឺធានាឲ្យប្រជាជនប៉ាឡេស្ទីន នៅលើទឹកដីរបស់ពួកគេ»។
លោកបាននិយាយថា៖«យើងនឹងមិនទទួលយកជម្រើសណាមួយចំពោះការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបទេ»។
ចាប់តាំងពីថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៥ ជំនួយមនុស្សធម៌ មិនត្រូវបានបញ្ជូនទៅតំបន់ហ្កាហ្សាស្ទ្រីបទេ ហើយប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់ នៅតែបិទ ដោយការសម្រេចចិត្តរបស់អ៊ីស្រាអែល។
