ស្នងការការពារជាតិអឺរ៉ុប លោក Andrius Kubilius នៅថ្ងៃចន្ទ ទី១២ ខែឧសភានេះ បានអំពាវនាវឲ្យមានសមាហរណកម្មបន្ថែមទៀត រវាងឧស្សាហកម្មការពារជាតិអឺរ៉ុប និងអ៊ុយក្រែន។
លោក Kubilius បានប្រាប់មន្ត្រី និងអ្នកតំណាងឧស្សាហកម្ម នៅទីក្រុងប្រ៊ុចសែលថា៖«ដើម្បីបញ្ឈប់លោក ពូទីន យើងត្រូវផលិតកាន់តែច្រើន យើងត្រូវបង្កើតថ្មីបន្ថែមទៀត ហើយយើងត្រូវធ្វើការរួមគ្នា នៅក្នុងសហភាពអឺរ៉ុប និងជាមួយអ៊ុយក្រែន»។

ថ្លែងនៅក្នុងវេទិកាឧស្សាហកម្មការពារជាតិ លោក Kubilius បាននិយាយថា ក្រុមការងារ EU-អ៊ុយក្រែន នឹងកោះប្រជុំជាលើកដំបូង នៅថ្ងៃចន្ទនេះ «ដើម្បីជួយធ្វើសមាហរណកម្មនៃឧស្សាហកម្មការពារជាតិរបស់យើង ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍគម្រោងរួមគ្នា ឬដំណើរការលទ្ធកម្មរួមគ្នា»។
លោកស្នងការដែលជាអតីតនាយករដ្ឋមន្ត្រីលីទុយអានី បាននិយាយថា អឺរ៉ុបអាចរៀនពីឧស្សាហកម្មច្នៃប្រឌិតរបស់អ៊ុយក្រែន ដោយចង្អុលទៅភាពជឿនលឿនជាមួយយានដ្រូននិងបញ្ញាសិប្បនិម្មិត (AI)។
លោកបាននិយាយថា៖ នាពេលអនាគត នៅពេលដែលអឺរ៉ុប នឹងត្រូវទទួលខុសត្រូវទាំងស្រុងសម្រាប់ការការពារទ្វីបអឺរ៉ុប អ៊ុយក្រែននឹងក្លាយជាផ្នែកដ៏សំខាន់បំផុតនៃរចនាសម្ព័ន្ធសន្តិសុខអឺរ៉ុបថ្មី»។
