សហរដ្ឋអាមេរិក និងប្រទេសចិន បានប្រកាសកាលពីថ្ងៃច័ន្ទ ទី១២ ខែឧសភា នូវកិច្ចព្រមព្រៀងមួយដើម្បីបញ្ចុះការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមករយៈពេល៩០ថ្ងៃ ជាលទ្ធផលមួយដែលប្រធានាធិបតី លោក Donald Trump បានហៅថា «ការកំណត់ឡើងវិញទាំងស្រុង» ខណៈលោកបាននិយាយថា កិច្ចពិភាក្សាជាមួយសមភាគី លោក Xi Jinping អាចកើតឡើងក្នុងពេលឆាប់ៗនេះ។
បន្ទាប់ពីកិច្ចប្រជុំលើកដំបូងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ចាប់តាំងពីលោក Trump បានបង្កើតសង្រ្គាមពាណិជ្ជកម្មរបស់លោក ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរ បានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីនាំយកការដំឡើងពន្ធដែលមានតួលេខរហូតដល់បីខ្ទង់របស់ខ្លួនបញ្ចុះមកត្រឹមតួលេខពីរខ្ទង់ ហើយបន្តការចរចា។
សេចក្តីប្រកាស បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុកើនឡើងបន្ទាប់ពីមានភាពចលាចលជាច្រើនសប្តាហ៍ជុំវិញការព្រួយបារម្ភពីការដំឡើងពន្ធ។ លោក Trump បាននិយាយថា «យើងសម្រេចបានការកំណត់ឡើងវិញជាសរុបជាមួយប្រទេសចិនក្រោយការចរចាប្រកបដោយផ្លែផ្កានៅទីក្រុងហ្សឺណែវ» «ហើយខ្ញុំនឹងនិយាយទៅកាន់ប្រធានាធិបតី Xi ប្រហែលជានៅចុងសប្តាហ៍នេះ»។
សហរដ្ឋអាមេរិក បានព្រមព្រៀងបញ្ចុះការដំឡើងពន្ធលើទំនិញរបស់ចិនមកត្រឹម៣០ភាគរយ ពី១៤៥ភាគរយ ខណៈប្រទេសចិននឹងបញ្ចុះពន្ធរបស់ខ្លួនមកត្រឹម ១០ ភាគរយ ពី១២៥ភាគរយ ហើយចំណាត់ការទាំងនេះនឹងត្រូវធ្វើឡើងនៅថ្ងៃពុធ។