អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានឈ្នះការបោះឆ្នោតអភិបាលក្រុងក្នុងទីក្រុងកំណើតរបស់លោកដ៏ច្រើនលើសលប់ ដោយគ្មានការរារាំងពីការឃុំខ្លួនរបស់លោកនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

លទ្ធផលពីគណៈកម្មាធិការទទួលបន្ទុកការបោះឆ្នោត (Comelec) ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថា ដោយសំឡេងដែលបានត្រឡប់មកវិញជាង៦០% លោក Duterte បាននាំមុខច្រើនរហូតដល់៤០៥.០០០ ទល់នឹង៤៩.០០០សំឡេងឆ្នោតសម្រាប់គូប្រជែងកៀកបំផុតរបស់លោក។

ក្នុងការរាប់សន្លឹកឆ្នោតក្រៅផ្លូវការដែលរាប់បាន៨០ភាគរយ លោក Duterte បានឈ្នះការប្រកួតប្រជែងអភិបាលក្រុង Davao ដោយមានសំឡេងច្រើនជាងគូប្រជែងរបស់លោកដល់ទៅ៨ដង។

លោកត្រូវបាននាំទៅកាន់តុលាការក្រុងឡាអេក្នុងខែមីនា ជុំវិញ "សង្គ្រាមប្រឆាំងគ្រឿងញៀន" ដ៏បង្ហូរឈាមរបស់លោក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។
ជ័យជម្នះ ក្នុងអំឡុងមានការបោះឆ្នោតពាក់កណ្តាលអាណត្តិទូទាំងប្រទេសនេះ គឺជាសក្ខីភាពបញ្ជាក់ពីឥទ្ធិពលយូរអង្វែងរបស់បុរសវ័យ៨០ឆ្នាំរូបនេះ ក្នុងទីក្រុងភាគខាងត្បូង ដោយសារកេរ្តិ៍ឈ្មោះរបស់លោកជាអ្នកបង្រ្កាបឧក្រិដ្ឋកម្ម ដែលធ្វើឱ្យរូបលោកទទួលបានរហស្សនាមថា Duterte Harry និង កំពូលអ្នកដាក់ទោស។
គណនី Facebook ចាស់របស់លោក Duterte ត្រូវបានគ្របដណ្ដប់ដោយសារអបអរសាទរពីក្រុមអ្នកគាំទ្រ ដោយមានអ្នកខ្លះអំពាវនាវឱ្យវិលត្រឡប់មកបម្រើប្រជាជនរបស់លោកវិញ៕