ក្រឹត្យរបស់សេតវិមាន បាននិយាយកាលពីថ្ងៃចន្ទ (១២ ឧសភា) ថា សហរដ្ឋអាមេរិក នឹងកាត់បន្ថយពន្ធលើកញ្ចប់ទំនិញតម្លៃទាប ឬត្រូវបានគេស្គាល់ថាជា "ពន្ធតូចតាច" លើការដឹកជញ្ជូនរបស់ប្រទេសចិន មកត្រឹមតួលេខ ៥៤% ពីអត្រា ១២០% ពីមុន ហើយការយកថ្លៃឈ្នួលសេវាក្នុងតម្លៃអប្បបរមា ១០០ដុល្លារ នឹងនៅតែមាន ចាប់ពីថ្ងៃទី១៤ ខែឧសភា ស្អែកនេះ។
ជំហាននេះកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានប្រកាសកិច្ចព្រមព្រៀងពន្ធនៅក្នុងសង្គ្រាមពាណិជ្ជកម្មរបស់ពួកគេ ដោយភាគីទាំងពីរបានយល់ព្រមបន្ធូរបន្ថយពន្ធភាគច្រើន ដែលបានដាក់លើទំនិញរវាងគ្នាចាប់តាំងពីដើមខែមេសាមក។

ក្នុងក្រឹត្យថ្ងៃចន្ទនោះ សេតវិមាននិយាយថា ខ្លួនកំពុងធ្វើវិសោធនកម្មពីអត្រាពន្ធ ១២០% មកត្រឹម ៥៤% ក្នុងកញ្ចប់ទំនិញដែលមានតម្លៃតិចជាង ៨០០ដុល្លារ ជាមួយនឹងការផ្លាស់ប្តូរដែលនឹងចូលជាធរមាននៅម៉ោង ១២:០១នាទី រំលងអាធ្រាត្រឈានចូលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ហើយផែនការសម្រាប់ថ្លៃសេវា ២០០ដុល្លារ ក៏នឹងត្រូវបន្ទាបមកនៅត្រឹម ១០០ដុល្លារ។
គួររម្លឹកថា កាលពីខែកុម្ភៈ លោកប្រធានាធិបតី Donald Trump បានបញ្ចប់ការលើកលែង "មិនយកពន្ធតូចតាច" នេះដោយការដាក់ពន្ធ ១២០% នៃកញ្ចប់ទំនិញតម្លៃក្រោម ៨០០ដុល្លារ ឬយកថ្លៃសេវាគ្រោងទុកចំនួន ២០០ដុល្លារ ដែលត្រៀមនឹងចូលជាធរមាននៅខែមិថុនាខាងមុខ បន្ទាប់ពីការអនុគ្រោះនោះត្រូវបានប្រើប្រាស់យ៉ាងច្រើន ដោយក្រុមហ៊ុនដូចជា Shein, Temu និងក្រុមហ៊ុនពាណិជ្ជកម្មអនឡាញផ្សេងទៀត៕

