សេចក្តីជូនដំណឹងរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានបង្ហាញថា ប្រទេសឥណ្ឌា បានស្នើយកពន្ធលើការនាំចូលលើផលិតផលមួយចំនួនដែលផលិតនៅសហរដ្ឋអាមេរិក ដើម្បីប្រឆាំងតបនឹងការយកពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន លើផលិតផលដែកថែប និងអាលុយមីញ៉ូម ដែលផលិតនៅក្នុងប្រទេសសេដ្ឋកិច្ចលេខ៣ របស់អាស៊ីមួយនេះ។
ឥណ្ឌា បាននិយាយនៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃចន្ទ (១២ ឧសភា) ថា "ការស្នើផ្អាកសម្បទាន ឬពន្ធកាតព្វកិច្ចផ្សេងទៀត កើតឡើងជាទម្រង់នៃការដំឡើងពន្ធលើផលិតផលជ្រើសរើស ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក" ដោយមិនបញ្ជាក់សេចក្ដីលម្អិតឡើយ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ចេញពន្ធសកលដ៏ធំចាប់តាំងពីចូលកាន់តំណែងកាលពីដើមឆ្នាំនេះមក រួមទាំងការដាក់ពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម បន្ទាប់ពីវិធានការស្រដៀងគ្នានេះក្នុងឆ្នាំ២០១៨ អំឡុងពេលអាណត្តិដំបូងរបស់លោក។
ឥណ្ឌា ដែលជាប្រទេសផលិតដែកថែបឆៅធំជាងគេទីពីររបស់ពិភពលោក បានប្រាប់ WTO ថា "វិធានការការពារខ្លួន" របស់ទីក្រុងវ៉ាស៊ីនតោន នឹងប៉ះពាល់ដល់ផលិតផលដែលផលិតដោយឥណ្ឌា មានតម្លៃ ៧,៦ពាន់លានដុល្លារ ដែលនាំចូលទៅអាមេរិក។ ពន្ធប្រឆាំងដែលបានស្នើឡើងរបស់ឥណ្ឌា លើផលិតផលអាមេរិកនេះ កើតឡើងនៅពេលប្រទេសទាំងពីរគ្រោងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដោយទីក្រុងញូវដែលី ផ្តល់ជូននូវការកាត់បន្ថយគម្លាតពន្ធពីរភាគបី៕

