ក្រុមសិទ្ធិមនុស្សអ៊ីស្រាអែលមួយ បានថ្កោលទោសការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការបើកការចុះបញ្ជីដីធ្លីយ៉ាងទូលំទូលាយសម្រាប់ផ្នែកខ្លះនៃតំបន់វេសបែង( West Bank) ដោយនិយាយថា វាអាចជួយជំរុញការដាក់បញ្ចូលទឹកដីប៉ាឡេស្ទីន ជាឧបសម្ព័ន្ធរបស់ប្រទេសនេះ។
លោក Yonatan Mizrachi ជាសហប្រធានគម្រោងឃ្លាំមើលការតាំងទីលំនៅ នៃអង្គការមិនមែនរដ្ឋាភិ បាលអ៊ីស្រាអែល Peace Now បាននិយាយថា៖«ការចុះបញ្ជីដីធ្លីនេះ គឺជាឧបករណ៍សម្រាប់ការដាក់បញ្ចូលពួកវា ជាឧបសម្ព័ន្ធ។ 
តំបន់វេសបែង ដែលអ៊ីស្រាអែលបានកាន់កាប់តាំងពីឆ្នាំ ១៩៦៧ មិនមានការចុះបញ្ជីដីធ្លីពេញលេញទេ ដោយតំបន់ខ្លះ មិនត្រូវបានចុះបញ្ជី ឬអ្នកស្រុកកាន់កាប់ដីទាំងនោះ តាំងពីមុនអ៊ីស្រាអែលកាន់កាប់ទៅ ទៀត។
គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានសម្រេចចិត្តចាប់ផ្តើមដំណើរការចុះបញ្ជីដីធ្លី នៅក្នុងតំបន់ C របស់តំបន់វេសបែង ដែលគ្របដណ្តប់ជាង ៦០ %នៃទឹកដី និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែលទាំងស្រុង។
លោក Mizrachi បាននិយាយថា ទោះបីជាដំណើរការនេះ ទំនងជានឹងចំណាយពេល «ច្រើនឆ្នាំ» ក៏ដោយ ក៏ប្រជាជនប៉ាឡេស្ទីននៅតំបន់ C អាចបាត់បង់ដីធ្លី ប្រសិនបើអាជ្ញាធរអ៊ីស្រាអែលមិនទទួលយកការអះអាងទាមទាររបស់ពួកគេចំពោះដីធ្លីទាំងនោះទេ។
អង្គការ Peace Now បាននិយាយថា៖« ការធ្វើបែបនេះ អាចនាំឲ្យមាន «ការលួចដីដ៏ធំមួយ» ដោយបន្ថែមថា ដំណើរការនេះ អាចបណ្តាលឲ្យ» មានការផ្ទេរកម្មសិទ្ធិនៃតំបន់ C ភាគច្រើន ទៅរដ្ឋ (អ៊ីស្រាអែល)»។
