ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ដល់សញ្ញាថា លោកទំនងជានឹងនិយាយទៅកាន់មេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) នៅចុងសប្តាហ៍នេះ បន្ទាប់ពីកិច្ចពិភាក្សា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានឈានដល់ការកាត់បន្ថយអត្រាពន្ធជាបណ្តោះអាសន្ន និងការធ្វើឲ្យថមថយកម្ដៅសង្រ្គាមពាណិជ្ជកម្ម រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង២។
នៅឯសេតវិមាន កាលពីថ្ងៃចន្ទ (ទី១២ ខែឧសភា) លោក Trump បាននិយាយថា៖ «ខ្ញុំនឹងនិយាយទៅកាន់លោកប្រធានាធិបតី ស៊ី ប្រហែលជានៅចុងសប្តាហ៍នេះ»។

គួរបញ្ជាក់ថា បន្ទាប់ពីមានកិច្ចពិភាក្សា នៅប្រទេសស្វីស រវាងរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent និងតំណាងពាណិជ្ជកម្មអាមេរិក Jamieson Greer ជាមួយគណៈប្រតិភូចិន ការព្រមព្រៀងរៀបចំបញ្ហាដំឡើងពន្ធដែលត្រូវបានឈានដល់នោះ នឹងឃើញអត្រាពន្ធរួមបញ្ចូលគ្នារបស់សហរដ្ឋអាមេរិកចំនួន ១៤៥ភាគរយលើការនាំចូលរបស់ចិនភាគច្រើន ត្រូវបានកាត់បន្ថយមកត្រឹម ៣០ភាគរយ ក្នុងនោះរួមទាំងពន្ធពាក់ព័ន្ធនឹងសារធាតុហ្វង់តានីលដែលនឹងត្រូវបន្ថយនៅថ្ងៃទី១៤ ខែឧសភាផងដែរ ខណៈដែលកម្រិតពន្ធ ១២៥ភាគរយរបស់ចិន នឹងធ្លាក់ចុះដល់ ១០ភាគរយ។
ការទម្លាក់កម្រិតពន្ធនាំចូលរយៈពេល ៣ខែនេះ នឹងផ្តល់ពេលវេលាឲ្យប្រទេសនានា ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែទូលំទូលាយ។ ការកាត់បន្ថយពន្ធនឹងមិនអនុវត្តចំពោះកាតព្វកិច្ចតាមវិស័យ ដែលត្រូវបានអនុវត្តចំពោះដៃគូពាណិជ្ជកម្មទាំងអស់របស់សហរដ្ឋអាមេរិក ឬចំពោះពន្ធដែលបានអនុវត្តលើប្រទេសចិន អំឡុងអាណត្តិដំបូងរបស់រដ្ឋបាលលោក Trump ឡើយ៕
