អាហ្វ្រិកខាងត្បូង៖ ប្រជាជនអាហ្វ្រិកខាងត្បូងមួយចំនួនបានបង្ហាញការព្រួយបារម្ភ បន្ទាប់ពីប្រធានាធិបតីលោក Cyril Ramaphosa បានធ្វើតេស្តវិជ្ជមានវីរុស COVID-19 ទោះបីជាលោកបានចាក់វ៉ាក់សាំងពេញលេញហើយក៏ដោយ។ ការិយាល័យរបស់លោកប្រធានាធិបតីបានប្រកាសថា លោក Ramaphosa បានផ្អាកការចាក់វ៉ាក់សាំងដូសជំរុញបង្ការវីរុស COVID-19 ដោយសារតែលោកបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា ប៉ុន្តែបង្ហាញរោគសញ្ញាស្រាល។

យោងតាមការិយាល័យរបស់ប្រធានាធិបតីបានឲ្យដឹងថា លោក Ramaphosa កំពុងទទួលការព្យាបាល ហើយកំពុងដាក់ខ្លួនឲ្យនៅដោយឡែកក្នុងទីក្រុង Cape Town។ អាជ្ញាធរនិយតកម្មរបស់អាហ្វ្រិកខាងត្បូង កាលពីសប្តាហ៍មុនបានអនុម័តវ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech ដែលនឹងត្រូវប្រើជាវ៉ាក់សាំងដូសជំរុញ ដោយបើកផ្លូវសម្រាប់ការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់មនុស្សពេញវ័យក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការកើនឡើង នាពេលបច្ចុប្បន្នដែលជំរុញដោយវីរុសបម្លែងខ្លួនថ្មី Omicron។
យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ជាមធ្យមករណីថ្មីប្រចាំថ្ងៃនៅអាហ្វ្រិកខាងត្បូងបានកើនឡើងក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះពី ៧.៦ករណីថ្មីក្នុងចំណោមមនុស្ស ១០០.០០០នាក់នៅថ្ងៃទី២៨ ខែវិច្ឆិកា កើនឡើងដល់ ៣២.៧ករណីថ្មីក្នុងចំណោមមនុស្ស ១០០.០០០នាក់នៅថ្ងៃទី១២ ខែធ្នូ។ អ្នកជំនាញនិយាយថា យោងតាមការធ្វើតេស្តនៅទូទាំងប្រទេសបានឲ្យដឹងថា ជាង ៧០% នៃករណីថ្មីចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាគឺជាវីរុសបម្លែងខ្លួនថ្មី Omicron។ ជាទូទៅករណីវីរុសបម្លែងខ្លួនថ្មី Omicron មានស្ថានភាពជំងឺស្រាលជាងមុន ដោយមានការសម្រាកព្យាបាលនៅមន្ទីរពេទ្យតិចជាងមុន និងករណីធ្ងន់ធ្ងរតិចដែលត្រូវការអុកស៊ីហ្សែន៕
អត្ថបទ៖ ប៊ុនថន