ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីននិយាយនៅថ្ងៃអង្គារនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងហោច ៤៦នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
ក្រុមការពារជនស៊ីវិលប៉ាឡេស្ទីន បានរកឃើញសាកសពនៅក្រោមគំនរបាក់បែក ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើមន្ទីរពេទ្យ Nasser នៅទីក្រុង Khan Younis ។
លោក Ahmed Siyyam គឺជាសមាជិកក្រុមការពារជនស៊ីវិលប៉ាឡេស្ទីននិយាយថា អ្នកជំងឺជាច្រើនត្រូវបានទាញចេញពីក្រោមគំនរបាក់បែកអគារ ។
យោធាអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានវាយប្រហារគោលដៅរបស់ក្រុមភេរវកម្មហាម៉ាសដែលប្រតិបត្តិការចេញពីទីបញ្ជាការ និងមន្ទីរគ្រប់គ្រងស្ថិតក្នុងមន្ទីរពេទ្យ Nasser នៅទីក្រុង Khan Yunis ។
ពួកគេនិយាយថា ទីតាំងនេះត្រូវបានប្រើប្រាស់ដោយក្រុមភេរវកម្ម ដើម្បីរៀបផែនការ និងអនុវត្តការវាយប្រហារប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអែល និងទាហានអ៊ីស្រាអែល IDF ។
ការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់មនុស្ស ២៥១នាក់ ធ្វើជាចំណាប់ថ្នូរ យកទៅកាន់តំបន់ហ្កាហ្សា ។ យុទ្ធនាការរបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ៥២.០០០នាក់ ៕