ការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos ដែលបានបិទកាលពីថ្ងៃអង្គារ (១៣ ឧសភា) បានឱ្យដឹងថា អត្រាគាំទ្រពីសាធារណៈជនអាមេរិក សម្រាប់លោកប្រធានាធិបតី Donald Trump បានកើនឡើងបន្តិចក្នុងសប្តាហ៍នេះ ខណៈប្រជាជនមានការព្រួយបារម្ភតិចជាងមុនលើផលប៉ះពាល់ និងការធ្លាក់ចុះសេដ្ឋកិច្ច ស្របពេលដែលលោកបន្ទន់ជំហរលើពន្ធ។
ការស្ទង់មតិរយៈពេលពីរថ្ងៃបានបង្ហាញថា តួលេខ ៤៤% នៃអ្នកឆ្លើយតប បានគាំទ្រមេដឹកនាំមកពីបក្សសាធារណរដ្ឋរូបនេះ ដោយកើនឡើងបន្តិចពីតួលេខ ៤២% ក្នុងការស្ទង់មតិមុនរបស់រ៉យទ័រ និង Ipsos កាលថ្ងៃទី២៥-២៧ ខែមេសា។
លោក Trump បានចាប់ផ្តើមអាណត្តិទីពីររបស់ខ្លួនជាមួយនឹងអត្រាគាំទ្រ ៤៧% ប៉ុណ្ណោះ ហើយបានមើលឃើញប្រជាប្រិយភាពរបស់លោកបន្តធ្លាក់ចុះ នៅពេលដែលប្រជាជនអាមេរិក បារម្ភពីសង្រ្គាមពាណិជ្ជកម្មជាបន្តបន្ទាប់ ដែលលោកបានចាប់ផ្តើមចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Trump បានបន្ធូរបន្ថយនូវសកម្មភាពពាណិជ្ជកម្មដ៏មុតស្រួចរបស់លោក ហើយបានប្រកាសនៅព្រឹកថ្ងៃចន្ទសប្ដាហ៍នេះថា លោកកាត់បន្ថយពន្ធលើចិន។ ជំហាននេះបានរុញភាគហ៊ុនឱ្យឡើងខ្ពស់ខ្លាំងបំផុតចាប់តាំងពីការដំឡើងពន្ធដំបូង និងបន្ទាបកង្វល់សេដ្ឋកិច្ច។
ក្នុងចំណោមសាធារណជន ក្តីបារម្ភអំពីវិបត្តិសេដ្ឋកិច្ចបានធូរស្រាលខ្លះ ប៉ុន្តែក៏នៅតែមានកម្រិតខ្ពស់ដដែល ដោយអ្នកឆ្លើយតបប្រហែល ៦៩% នៅក្នុងការស្ទង់មតិថ្មី បាននិយាយថា ពួកគេបារម្ភអំពីឱនភាពសេដ្ឋកិច្ច ដោយធ្លាក់ចុះពី ៧៦% ដ៏ខ្ពស់នៅក្នុងការស្ទង់មតិពីមុនរបស់រ៉យទ័រ និង Ipsos ដែលធ្វើឡើងនៅថ្ងៃទី១៦-២១ ខែមេសា៕