សៀមរាប៖ លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា ថ្លែងថា ព្រឹត្ដិការណ៍រម្លឹកគុណអង្គរ ក៏នឹងក្លាយយុទ្ធនាការជំរុញឱ្យបានការចូលរួមឧបត្ថម្ភគាំទ្របន្ថែមទៀត ពីវិស័យឯកជន សម្រាប់ជាគុណប្រយោជន៍ដល់កិច្ចការអភិរក្សបេតិកភណ្ឌជាតិនេះ ហើយដែលនឹងក្លាយជានិមិត្តរូប មិត្តភាព និងសាមគ្គីភាពទាំងជាតិ និងអន្តរជាតិផងដែរ។
ពិធីនេះប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៤ខែធ្នូនេះនៅខាងមុខប្រាសាទអង្គរវត្ត ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋចូលរួមជាច្រើននាក់។
លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា សមិទ្ធផលដ៏អស្ចារ្យនៃរមណីយដ្ឋានអង្គរ ដែលបានកើតចេញពីការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងកិច្ចខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីរបស់ឥស្សរជនជាតិផ្សេងៗទៀត ដែលជានិច្ចកាលតែងតែចាត់ទុកកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីជាប្រយោជន៍រួម ។
លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន បានបន្ដថា ពិធីរំលឹកគុណអង្គរនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីអបសាទរការចុះរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ១៤ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជារំលឹកគុណដល់បុព្វការីជនជំនាន់មុន អតីតព្រះមហាក្សត្រគ្រប់ជំនាន់មុនផងដែរ។
លោកជំទាវ បានបន្ថែមថា តាមរយៈពិធីនេះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ច ក្នុងការចូលរួមអភិរក្ស និងការពារអង្គរ ដែលមិនត្រឹមតែ ជារតនសម្បត្តិនៃបេតិកភណ្ឌជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូលផងដែរ។
ព្រឹត្តិការណ៍ដ៍សំខាន់នេះ ក្រៅពីក្នុងគោលដៅលើកស្ទួយពាក្យស្លោកកម្ពុជា ជាព្រះរាជាណាចក្រអច្ឆរិយៈ ក៏ដើម្បីបង្ហាញមោទកភាពជាតិ ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ ជាពិសេសគឺការបង្កើតឱ្យមានយន្តការនៃការរំលឹកគុណអង្គរប្រចាំឆ្នាំចាប់ពីឆ្នាំ២០២២ ខាងមុខននេះទៅ ក្នុងទិសដៅរួមចំណែកជាមួយផែនការមេវិស័យទេសចរណ៍ ខេត្តសៀមរាប២០២១-២០៣៥ ជាមួយក្រុសួង/ស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើឱ្យរស់រានឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា តាមរយៈការបំផុសឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ០១នាក់ ចូលរួមទស្សនាអង្គរ យ៉ាងហោចណាស់០១ដង ក្នុង០១ឆ្នាំ ពោលគឺមកទស្សនាហើយ ចង់មកទស្សនាទៀត។
ពិធីបុណ្យរំលឹកគុណអង្គរ មានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបង្ហាញជូនសាធារណជនជាតិ និងអន្តរជាតិ បានស្វែងយល់ ក្នុងនោះមានដូចជាពិធីសាសនា និងព្រឹត្តិការណ៍សំដែងសិល្បៈនានា ការសំដែងសិល្បៈល្ខោនស្បែកធំ នឹងមានរៀបចំស្តង់ពិព័រណ៍សមិទ្ធផល និងសកម្មភាពការងារ ដែលសម្រេចបាននាពេលកន្លងមករបស់អាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងស្វែងយល់បន្ថែម ដើម្បីទស្សនាសកម្មភាពការងារជាក់ស្ដែងនានារបស់ក្រុម ការងារជំនាញនីមួយៗផងដែរ៕