លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេក្នុងរយៈពេល ២៥ឆ្នាំ ដែលបានជួបមេដឹកនាំស៊ីរី នៅថ្ងៃពុធនេះ បន្ទាប់ពីលោក បានផ្តល់ការបន្ធូរបន្ថយទណ្ឌកម្ម ដោយសង្ឃឹមថា នឹងផ្តល់ផ្លូវថ្មីមួយ ទៅកាន់ប្រទេសដែលញាំញីដោយសង្រ្គាមនេះ។

លោក ត្រាំ នៅទីក្រុង Riyadh ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងនៃអាណត្តិទី២របស់លោក បានជួបជាមួយលោក Ahmed Al-Sharaa ដែលជាមេដឹកនាំក្រុមឧទ្ទាមឥស្លាមមួយរូប បានក្លាយជាប្រធានា ធិបតីបណ្តោះអាសន្ន បន្ទាប់ពីបុរសខ្លាំងកាន់អំណាចយូរ លោក បាសា អាល់អាសាដ ( Basha al-Assad) ត្រូវបានផ្តួលរំលំ នៅក្នុងខែធ្នូ។
មន្ត្រីសេតវិមានម្នាក់ បាននិយាយថា លោកទាំងពីរ បានពិភាក្សាគ្នាខ្លីៗ នៅមុនកិច្ចប្រជុំដ៏ធំនៃមេដឹកនាំឈូងសមុទ្រ នៅអារ៉ាប៊ីសាអ៊ូឌីត ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់តំបន់នេះ។
គ្មានប្រធានាធិបតីអាមេរិកណាម្នាក់ បានជួបមេដឹកនាំស៊ីរី ចាប់តាំងពីលោក Bill Clinton បានឃើញ Hafez Assad ឪពុករបស់លោក អាសាដ នៅទីក្រុងហ្សឺណែវ ក្នុងឆ្នាំ ២០០០ ក្នុងកិច្ចខិតខំប្រឹងប្រែងបរាជ័យ ក្នុងការបញ្ចុះបញ្ចូលលោក ឲ្យបង្កើតសន្តិភាពជាមួយអ៊ីស្រាអែល។
