អតីតប្រធានាធិបតីអ៊ុយរុយហ្គាយ និងជាអតីតទ័ពព្រៃលោក Jose Mujica បានទទួលមរណភាពហើយ នៅវ័យ ៨៩ឆ្នាំ ។
កាលពីថ្ងៃអាទិត្យកន្លងទៅ ភរិយារបស់លោក និងជាអតីតអនុប្រធានាធិបតីអ៊ុយរុយហ្គាយលោកស្រី Lucia Topolansky បានបញ្ជាក់ថា ស្វាមីរបស់គាត់ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជំងឺមហារីកបំពង់អាហារ ។ ប៉ុន្តែមូលហេតុនៃការស្លាប់របស់លោក នៅត្រូវកំណត់ ។
លោក Mujica ត្រូវបានគេចាត់ទុកថាជាប្រធានាធិបតីក្រីក្រជាងគេបំផុតនៅលើពិភពលោក ហើយកំណែទម្រង់វឌ្ឍនភាព បានធ្វើឲ្យគេគោរពលោកនៅទូទាំងពិភពលោក ។ លោកបានដឹកនាំដ្ឋាភិបាលឆ្វេងនិយមរបស់អ៊ុយរុយហ្គាយ ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥ ។

ពេលធ្វើជាប្រធានាធិបតី លោក Mujica គឺជាអ្នកត្រួសត្រាយផ្លូវសេរីភាពស៊ីវិល ធ្វើឲ្យស្របច្បាប់អាពាហ៍ពិពាហ៍ស្រលាញ់ភេទដូចគ្នា ការរម្លូតកូន និងគាំទ្រការលក់កញ្ឆាស្របច្បាប់ ។
អាពាហ៍ពិពាហ៍ស្រលាញ់ភេទដូចគ្នា និងការរម្លូតកូន បានក្លាយជាការផ្លាស់ប្តូរដ៏ធំមួយនៅអាមេរិកឡាទីនកាតូលិក ខណៈគោលជំហរកញ្ឆារបស់លោក គឺជាគោលជំហរស្ទើរតែពុំធ្លាប់មានពីមុននៅលើពិភពលោក ។
លោកចូលចិត្តស្លៀកពាក់សាមញ្ញបំផុតផងដែរ ហើយនិងបដិសេធន៍មិនព្រមរស់នៅនិវេសដ្ឋានប្រធានាធិបតីផ្លូវការនោះទេ ដោយរូបលោកស្នាក់នៅក្នុងផ្ទះនៅជាយក្រុង ជាទីដែលលោកធ្វើកសិដ្ឋានដាំផ្កា ។
នៅចុងទសវត្សរ៍ឆ្នាំ ១៩៦០ លោក Mujica បានចូលរួមជាមួយក្រុម Marxist Tupamaros គឺជាក្រុមទ័ពព្រៃដែលបានប្រយុទ្ធជាមួយរដ្ឋាភិបាលអភិរក្សនិយមរបស់អ៊ុយរុយហ្គាយជាមួយនឹងការប្លន់ ការចាប់ជំរិត និងការទម្លាក់គ្រាប់បែក ។
លោកនិយាយថា លោកពុំធ្លាប់ដែលសម្លាប់នរណាម្នាក់នោះទេ ប៉ុន្តែលោកបានចូលរួមការប៉ះទង្គិចគ្នា ហើយត្រូវគេបាញ់ ៦លើក ៕

