ភ្នំពេញ÷ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា កងទ័ពកម្ពុជាចំនួន២រូប កំពុងបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានពលីនៅក្នុងប្រទេសស៊ូដង់ខាងត្បូង។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់យោធិនចំនួន ០២រូប ដែលបានពលីក្នុងអំឡុងពេលបេសកកម្មក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
ឯកឧត្តមបានបន្តថា នេះជាការបាត់បង់យោធិនដ៏ឆ្នើមពីររូប ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា ចូលរួមថែក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ យោធិនទាំងពីររូប សូមស្ថិតក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។


