នគរបាលទួរគី បានឃាត់ខ្លួននិស្សិត ៩៧នាក់ នៅសាកលវិទ្យាល័យ Bogazici ស្ថិតក្នុងទីក្រុងអ៊ីស្តង់ប៊ុល ពាក់ព័ន្ធនឹងបាតុកម្មប្រឆាំងសន្និសីទរបស់បុព្វជិតអ៊ិស្លាមនៅក្នុងបរិវេណសាកលវិទ្យាល័យ ។
ក្រុមនិស្សិតនាំគ្នាតវ៉ាប្រឆាំងសន្និសីទរបស់លោក Nureddin Yildiz គឺជាបុព្វជិតអ៊ិស្លាមដែលត្រូវបានគេស្គាល់សម្រាប់ទស្សនៈជម្លោះរបស់លោកលើការឆាប់រៀបមង្គលការ ។ សន្និសីទនេះ ត្រូវបានរៀបចំឡើងដោយក្លិបនិស្សិតរបស់សាកលវិទ្យាល័យ ។
លោក Davut Gul គឺជាអភិបាលក្រុងអ៊ីស្តង់ប៊ុល និយាយកាលពីយប់ថ្ងៃអង្គារថា និស្សិតសរុប ៩៧នាក់ ត្រូវបានឃាត់ខ្លួន ពេលពួកគេព្យាយាមទម្លុះរបាំងការពារនគរបាលនៅលើបរិវេណនោះ ។
លោកបន្តថា នគរបាល ១៣នាក់ បានរងរបួស ពេលដែលពួកគេធ្លាក់ចូលរណ្តៅសំណង់ជម្រៅ ៥ម៉ែត្រ អំឡុងការប៉ះទង្គិច ។
ក្រុមនិស្សិតសាកលវិទ្យាល័យស្ថិតនៅជួរមុខគេនៃបាតុកម្មនៅទួរគី ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ជុំវិញការឃុំឃាំងអតីតអភិបាលក្រុងអ៊ីស្តង់ប៊ុលលោក Ekrem Imamoglu ដែលជាគូប្រជែងនយោបាយសំខាន់មួយរូបរបស់លោកប្រធានាធិបតី Tayyip Erdogan ។
ក្រុមសិស្ស និងគ្រូបង្រៀននៅសាកលវិទ្យាល័យ Bogazici តែងតែតវ៉ាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រឆាំងនឹងអ្វីដែលពួកគេនិយាយថា គឺជាការជ្រៀតជ្រែករបស់រដ្ឋាភិបាលចូលទៅក្នុងវិស័យសិក្សារបស់ពួកគេ ៕