អ៊ីស្រាអែល បានចេញការព្រមានជម្លៀសខ្លួនកាលពីថ្ងៃពុធសប្ដាហ៍នេះសម្រាប់កំពង់ផែសមុទ្រចំនួនបីក្នុងប្រទេសយេម៉ែន បន្ទាប់ពីបាននិយាយថាក្រុមហ៊ួទី ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានបាញ់មីស៊ីលមួយគ្រាប់ទៅកាន់ប្រទេសរបស់ខ្លួន។

មានសេចក្ដីរាយការណ៍ពីការបាញ់មីស៊ីលនេះ ស្របពេលលោកប្រធានាធិបតីអាមេរិក Donald Trump កំពុងបំពេញទស្សនកិច្ចទៅកាន់រដ្ឋឈូងសមុទ្រចំនួនបី គឺអារ៉ាប៊ីសាអ៊ូឌីត កាតា និងអារ៉ាប់រួម។
កងទ័ពអ៊ីស្រាអែលបាននិយាយថា កំពង់ផែ Ras Issa, Hodeidah និង Salif ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ួទី គាំទ្រដោយអ៊ីរ៉ង់។ អ៊ីស្រាអែលបាននិយាយមុននេះថា ខ្លួនបានស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែនឆ្ពោះទៅកាន់ទឹកដីខ្លួន។

លោក Trump ដែលបានចាប់ផ្តើមយុទ្ធនាការយោធាកាន់តែខ្លាំងកម្ចាត់មូលដ្ឋានរឹងមាំរបស់ក្រុមនេះ ក្នុងប្រទេសយេម៉ែនកាលពីថ្ងៃទី ១៥ ខែមីនា បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយប្រទេសអូម៉ង់ជាមួយក្រុមនេះ ដែលបាននិយាយថា កិច្ចព្រមព្រៀងនេះមិនរួមបញ្ចូលអ៊ីស្រាអែលទេ។

ក្រុមហ៊ួទីបាននឹងកំពុងបាញ់មីស៊ីល និងយានដ្រូននៅអ៊ីស្រាអែល ក៏ដូចជាវាយប្រហារលើនាវាក្នុងផ្លូវដឹកជញ្ជូនសកល នៅក្នុងយុទ្ធនាការមួយដែលពួកគេនិយាយថាមានគោលបំណងបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ខណៈអ៊ីស្រាអែលបន្តយុទ្ធនាការយោធានៅទីនោះ។
លោក Trump បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ួទី បានយល់ព្រមបញ្ឈប់ការរំខានផ្លូវដឹកជញ្ជូនសំខាន់ៗនៅមជ្ឈិមបូព៌ា។អ៊ីស្រាអែល បានបើកការវាយប្រហារផ្លូវអាកាសសងសឹកជាច្រើនលើកលើគោលដៅក្រុមហ៊ួទី ក្នុងប្រទេសយេម៉ែន៕