មន្ត្រីរដ្ឋជាន់ខ្ពស់ម្នាក់បាននិយាយថា មនុស្សយ៉ាងហោចណាស់២១នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុរថយន្តបុកគ្នាកាលពីថ្ងៃពុធ ទី១៤ ឧសភា នៅលើផ្លូវហាយវ៉េមួយកន្លែង តភ្ជាប់រដ្ឋ Oaxaca និងរដ្ឋ Puebla របស់ប្រទេសម៉ិកស៊ិក។

នៅក្នុងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋ Puebla លោក Samuel Aguilar បាននិយាយថា ឧបទ្ទវហេតុនេះ ពាក់ព័ន្ធនឹងរថយន្តចំនួន៣គ្រឿង ហើយចំនួនមនុស្សពុំត្រូវបានបញ្ជាក់ ខណៈកំពុងត្រូវបានព្យាបាលរបួស។

សារព័ត៌មានម៉ិកស៊ិក La Jornada បានរាយការណ៍ថា ឧបទ្ទវហេតុរថយន្តបានកើតឡើង នៅពេលដែលរថយន្តដឹកស៊ីម៉ងត៍មួយគ្រឿង ព្យាយាមជែងរថយន្តមួយគ្រឿងផ្សេងទៀត មុនពេលឆ្លងចូលផ្លូវបញ្ច្រាសទិសគ្នា ហើយទៅបុករថយន្តក្រុងដឹកអ្នកដំណើរ។ សេចក្តីរាយការណ៍បន្តថា រថយន្តដឹកស៊ីម៉ងត៍បានធ្លាក់ចូលជ្រោះ ហើយផ្ទុះឆេះ។
កាលពីខែមីនា មនុស្សយ៉ាងហោចណាស់១១នាក់បានស្លាប់ នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានក្រឡាប់នៅក្នុងរដ្ឋ Oaxaca ។