កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅភាគខាងត្បូងប្រទេសលីបង់(UNIFIL)កាលពីថ្ងៃពុធ បានធ្វើការតវ៉ា«ចំពោះការបាញ់ប្រហារដោយផ្ទាល់»ពីយោធាអ៊ីស្រាអែល នៅទីតាំងមួយរបស់ខ្លួន ជាលើកដំបូង ចាប់តាំងពីបទឈប់បាញ់រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល។
UNIFIL ស្ថិតនៅក្នុងគណៈកម្មាធិការអន្តរជាតិ ដែលត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែវិច្ឆិកា ហើយបានបញ្ចប់ជាងពីរខែនៃសង្រ្គាមអស់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធដែលគាំទ្រអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ UNIFILបាននិយាយថា ខ្លួនមានការព្រួយបារម្ភចំពោះឥរិយាបថឈ្លានពាននាពេលថ្មីៗនេះរបស់កងកម្លាំងការពារអ៊ីស្រាអែល ដែលពាក់ព័ន្ធនឹងបុគ្គលិក និងទ្រព្យសម្បត្តិរបស់UNIFIL។
សកម្មភាពឈ្លានពាននោះ រាប់បញ្ចូលទាំង«ឧប្បត្តិហេតុដែលការវាយប្រហារផ្ទាល់ បានត្រូវចំបរិវេណនៃទីតាំងឈរជើងរបស់ UNIFIL ភាគខាងត្បូងនៃភូមិ Kfar Shouba»ដែលខ្លួនបាននិយាយថា បានកើតឡើង កាលពីថ្ងៃអង្គារ។
កងកម្លាំងរក្សាសន្តិសុខនេះ បាននិយាយថា ខ្លួនបានសង្កេតឃើញការបាញ់ប្រហារចំនួនពីរគ្រាប់ពីភាគខាងត្បូងនៃខ្សែបន្ទាត់ខៀវ ដោយយោងទៅលើព្រំដែនជាក់ស្តែងរវាងអ៊ីស្រាអែល និងលីបង់។
នេះ គឺជាលើកទី១ហើយ ចាប់តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា ដែលអ៊ីស្រាអែលបានវាយប្រហារដោយផ្ទាល់ទៅលើទីតាំងឈរជើងរបស់កងកម្លាំង UNIFIL។