ពពួកសត្វស្លាបចំពុះស្រួចមានស្លាបពណ៌ខ្មៅ នាំហ្វូងរបស់ពួកវាដើរលុកទឹកបឹងព្យាយាមមុជចំពុះវាចូលក្នុងទឹក ដើម្បីស្វែងរកចាប់ចំណីនៅឆកសមុទ្រលើកោះ Lesbos របស់ប្រទេសក្រិក ស្របពេលដែលអ្នកស្រលាញ់ចូលចិត្តសត្វស្លាបនាំគ្នាមើលតាមកែវយឹតពីចម្ងាយ ។
សត្វស្លាបចំពុះស្រួចទាំងនេះ ស្ថិតក្នុងចំណោមពពួកសត្វស្លាបជាង ៣៣០ប្រភេទអាចរកឃើញនៅលើវាលទំនាបកោះ Kalloni និងកន្លែងផ្សេងទៀតនៅលើកោះ Lesbos ដែលធ្វើឲ្យកោះទាំងនេះ ក្លាយជាចំណុចទាក់ទាញមួយរបស់អឺរ៉ុប សម្រាប់អ្នកចូលចិត្តមើលសត្វស្លាប មកពីទូទាំងពិភពលោក ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០រហូតមក ។
អ្នកស្រី Eleni Galinou គឺជាអ្នកវិទ្យាសាស្រ្តបរិស្ថានក្នុងស្រុក និងជាមគ្គុទេសសត្វស្លាប និយាយថា កោះ Lesbos មាននូវជម្រកសត្វស្លាបប្លែកៗជាច្រើន ធ្វើឲ្យភ្ញៀវទេសចរ ទទួលបានទស្សនីយភាពដ៏សម្បូរបែប ប៉ុន្តែការទាក់ទាញសំខាន់នៅលើកោះមួយនេះ គឺសត្វស្លាបផ្លាស់ទីជម្រកនៅនិទាឃរដូវ ។
ស្ថិតនៅផ្លូវបំបែករវាងអាហ្វ្រិក អឺរ៉ុប និងអាស៊ី កោះ Lesbos ផ្តល់ជាជម្រកដល់សត្វស្លាបបំលាស់ទីអឺរ៉ុបប្រហែល ២០០ប្រភេទ ពេលដែលពួកវាហើរត្រឡប់ពីភាគខាងជើងអាហ្រ្វិក ឆ្លងកាត់តំបន់ភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ។
ក្រុមអ្នកចូលចិត្តមើលសត្វស្លាបនិយាយថា ការមើលសត្វស្លាប គឺជាចំណង់ចំណូលចិត្តកម្សាន្តអារម្មណ៍មួយ ដែលផ្តល់ភាពសប្បាយរីករាយ និងសុខុមាលភាពផ្លូវចិត្ត ប៉ុន្តែពួកយើងត្រូវការសំណាង និងភាពធ្មត់ខ្លាំងផងដែរ ៕
