ហុងកុង៖ តុលាការទីក្រុងហុងកុងកាលពីថ្ងៃចន្ទបានកាត់ទោសសកម្មជន និងជាមហាសេដ្ឋីជំនួញលោក Jimmy Lai ឱ្យជាប់ពន្ធនាគារ ១៣ខែសម្រាប់ការជំរុញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នៅទីលាន Tiananmen ដែលត្រូវបានហាមឃាត់កាលពីឆ្នាំមុន ក្នុងពេលមានការបង្ក្រាបដោយអាជ្ញាធរប្រទេសចិន។

តុលាការសង្កាត់បានកាត់ទោសមនុស្ស ៧នាក់ផ្សេងទៀតលើបទចោទប្រកាន់ស្រដៀងគ្នានេះ និងបានកាត់ឲ្យជាប់ទោសរហូតដល់ ១៤ខែ។ រដ្ឋាភិបាលទីក្រុងហុងកុងបានហាមឃាត់ព្រឹត្តិការណ៍ដុតភ្លើងទៀនក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះដើម្បីគ្រប់គ្រងជំងឺរាតត្បាត ទោះបីជាវាត្រូវបានគេជឿថា ជាទូទៅការហាមឃាត់នេះមានគោលបំណងធ្វើឡើងជាអចិន្ត្រៃយ៍ ខណៈអាជ្ញាធរស្វែងរកដើម្បីបំបាត់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុង។ លោក Jimmy Lai ជាស្ថាបនិកសារព័ត៌មាន Apple Daily ជាសារព័ត៌មានគាំទ្រលទ្ធិប្រជាធិបតេយ្យដែលត្រូវបានបិទនាពេលនេះ បានជាប់ពន្ធនាគាររួចហើយដោយសារចូលរួមក្នុងការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលលោកនឹងជាប់ពន្ធនាគារសរុបចំនួន ២០ខែ។
ក្នុងករណីថ្មីនេះ លោកត្រូវបានកាត់ទោសពីបទញុះញង់អ្នកដទៃ ឱ្យចូលរួមក្នុងការជួបជុំដែលគ្មានការអនុញ្ញាត ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធអ្នកដែលត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបបង្ហូរឈាម របស់កងទ័ពលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដឹកនាំដោយនិស្សិតដែលផ្តោតលើទីលាន Tiananmen របស់ទីក្រុងប៉េកាំងក្នុងឆ្នាំ១៩៨៩៕
អត្ថបទ៖ ប៊ុនថន