ប្រទេសអ៊ីរ៉ង់ បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ឧសភា ក្នុងខួបមួយឆ្នាំចាប់តាំងពីមរណភាពរបស់ប្រធានាធិបតី លោក Ebrahim Raisi។ ហ្វូងមនុស្ស បានមកប្រមូលផ្តុំគ្នានៅទីក្រុង តេអេរ៉ង់ ដោយកាន់ទង់ជាតិអ៊ីរ៉ង់ និងផ្ទាំងរូបថតរបស់លោក Raisi និងអតីតរដ្ឋមន្ត្រីការបរទេស លោក Hossein Amirabdollahian ដែលបានស្លាប់។
លោក Raisi និង លោក Amirabdollahian បានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្រធ្លាក់ ក្នុងអាកាសធាតុមិនអំណោយផលនៅលើភ្នំក្បែរព្រំដែនជាមួយប្រទេសអាហ្ស៊ែបៃហ្សង់ កាលពីឆ្នាំមុន។
អំឡុងពិធីនេះ មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ឧត្តមសេនីយ៍ Hossein Salami បាននិយាយថា អ៊ីរ៉ង់នឹងមិនឆ្លើយតបដោយផ្អែកលើការលាក់ពត់របស់សហរដ្ឋអាមេរិក នោះទេ។
សារនេះគឺសំដៅទៅលើប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលបានធ្វើទស្សនកិច្ចនៅរដ្ឋឈូងសមុទ្រ ហើយចាប់តាំងពីសប្តាហ៍ដំបូងនៃរដ្ឋបាលរបស់លោក លោកបាននិងកំពុងដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ឱ្យព្រមព្រៀងលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ក្នុងសប្តាហ៍នេះ លោក Trump បាននិយាយនៅក្នុងប្រទេសកាតា ថា សហរដ្ឋអាមេរិកកំពុងខិតជិតយ៉ាងខ្លាំងក្នុងការទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយប្រទេសអ៊ីរ៉ង់។