កោះតៃវ៉ាន់ មិនអាចច្រានចោលបានទេនូវគំនិតដែលថា ចិននឹងធ្វើសមយុទ្ធយោធាបន្ថែមទៀតដើម្បី "បង្កបញ្ហា" ជុំវិញខួបមួយឆ្នាំនៃការកាន់តំណែងរបស់មេដឹកនាំកោះ លោក Lai Ching-te នៅសប្តាហ៍ក្រោយ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ ឧសភា)។

ថ្ងៃទី២០ ខែឧសភា នឹងជាគម្រប់មួយឆ្នាំចាប់តាំងពីការឡើងកាន់តំណែងរបស់លោក Lai ប៉ុន្តែការិយាល័យរបស់លោកមិនទាន់បានប្រកាសទេថា តើមេដឹកនាំកោះតៃវ៉ាន់រូបនេះអាចប្រារព្ធពិធីយ៉ាងដូចម្ដេច។ ទីក្រុងប៉េកាំង បានថ្កោលទោសលោក Lai ថាជា "ជនផ្ដាច់ខ្លួន" ហើយបានបដិសេធសំណើជាច្រើនរបស់លោកសម្រាប់ការចរចា។

អ្នកនាំពាក្យរដ្ឋាភិបាលកោះ លោក Liang Wen-chieh បាននិយាយថា សម្ពាធរបស់ចិន លើកោះតៃវ៉ាន់ បានក្លាយទៅជា "ស្ថានភាពធម្មតា" ទៅហើយ ដោយលើកពីការធ្វើសមយុទ្ធភ្លាមៗរបស់ក្រុងប៉េកាំង បន្ទាប់ពីលោក Lai ចូលកាន់តំណែងកាលឆ្នាំមុន។ លោកបន្តថា "ដូច្នេះហើយ អាជ្ញាធរមិនច្រានចោលបានទេនូវលទ្ធភាពដែលថាចិន នឹងប្រើខួបកាន់តំណែងនេះដើម្បីធ្វើសមយុទ្ធយោធាបន្ថែម"។

កាលពីខែមុន ចិនបានធ្វើហ្គេមសង្រ្គាម ដែលដាក់ឈ្មោះថា "រន្ទះច្រកសមុទ្រ-២០២៥A" នៅជុំវិញកោះតៃវ៉ាន់ ដែលអក្សរ "A" នៅចុងបញ្ចប់នៃឈ្មោះនេះបានបង្ហាញថា អាចនៅមានច្រើនទៀត។ គួរឱ្យដឹងថា ចិនបានហៅសមយុទ្ធនៅខែឧសភា ឆ្នាំ២០២៤ របស់ខ្លួនថា "ដាវរួម - ២០២៤A" ហើយក្រោយមកនៅក្នុងខែតុលា នៃឆ្នាំដដែលនោះ ក៏បានធ្វើសមយុទ្ធ "ដាវរួម - ២០២៤B" មួយផ្សេងទៀត៕
