ក្រុមជីហាដនិយមនៅភាគឦសានប្រទេសនីហ្សេរីយ៉ា កំពុងកើនឡើង ហើយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្សព្វផ្សាយពីយុទ្ធនាការរបស់ពួកគេ និងជ្រើសរើសសមាជិក។
យ៉ាងហោចណាស់មនុស្ស ១០០នាក់ ត្រូវបានសម្លាប់ នៅក្នុងរលកថ្មីនៃការវាយប្រហាររបស់ក្រុមជីហាដនៅក្នុងខែមេសាប៉ុណ្ណោះ ខណៈដែលអភិបាលរដ្ឋ Borno ដែលជាចំណុចកណ្តាលនៃអំពើហិង្សាដែលបានផ្ទុះឡើង តាំងពីឆ្នាំ ២០០៩ បាននិយាយថា រដ្ឋនេះ កំពុងបាត់បង់ទឹកដី ទៅលើក្រុមប្រដាប់អាវុធ។

ក្នុងពេលជាមួយគ្នានោះ ក្រុមជីហាដជាក់ស្តែង និងអ្នកជំរុញរបស់ពួកគេ នៅលើបណ្តាញសង្គម TikTok កំពុងបង្ហាញកាំភ្លើង គ្រាប់បែកដៃ និងប្រាក់សុទ្ធជាច្រើន។ នេះបើយោងតាមវីដេអូដែលអាចចូលមើល បានយ៉ាងងាយស្រួល ដែលត្រូវបានពិនិត្យដោយសារព័ត៌មាន AFP ក្នុងខែដដែលនោះ។
ពួកគេបានផ្សាយបន្តផ្ទាល់ នៅក្នុងវីដេអូរួមជាមួយនឹងគណនី ដែលដំណើរការដោយក្រុមបុរស ដែលផ្សព្វផ្សាយអំពីមនោគមន៍វិជ្ជាប្រឆាំងលោកខាងលិច ក្នុងរបៀបដែលរំលឹកអំពីវីដេអូ ដែលបានចេញផ្សាយដោយមេដឹកនាំបូកូហារ៉ាម (Boko Haram) ដែលបានបាត់បង់ជីវិត លោក Abubakar Shekau នៅប៉ុន្មានថ្ងៃដំបូងនៃចលនាបះបោរ ដែលមានអាយុ ១៥ឆ្នាំហើយនោះ។
ក្រុមឧក្រិដ្ឋជនដែលធ្វើការវាយឆ្មក់លើភូមិ និងចាប់ជំរិតទារប្រាក់លោះ នៅភាគពាយព្យនៃប្រទេសនេះ បានប្រើប្រាស់ TikTok នាពេលកន្លងទៅ ។
