គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានបញ្ចប់កិច្ចប្រជុំរយៈពេលពីរម៉ោង នៅទីក្រុងអ៊ីស្តង់ប៊ុលរបស់ប្រទេសទួរគី កាលពីថ្ងៃសុក្រ ដោយយល់ព្រមរៀបចំការចរចាថ្មី និងធ្វើការដោះដូរអ្នកទោសទ្រង់ទ្រាយធំ ដែលមានមនុស្ស ១.000នាក់ មកពីភាគីនីមួយៗ។
យោងតាមប្រភពការទូតរុស្ស៊ី ជំនួយការប្រធានាធិបតីលោក Vladimir Medinsky បាននិយាយថា ការដោះដូរនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ។ លោកក៏បានសម្តែងការពេញចិត្តជារួមចំពោះកិច្ចប្រជុំនេះ ហើយបានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចសន្ទនានេះ។

លោក Medinsky បានកត់សម្គាល់ឃើញថា ភាគីទាំងពីរ នឹងបង្ហាញទស្សនៈលម្អិតរបស់ពួកគេ ក្នុងពេលឆាប់ៗនេះស្តីពីបទឈប់បាញ់ដែលអាចកើតមាន បន្ទាប់ពីនោះការចរចានឹងឆ្ពោះទៅមុខ។
លោកក៏បាននិយាយដែរថា អ៊ុយក្រែនបានស្នើឲ្យមានការចរចាផ្ទាល់រវាងប្រធានាធិបតីទាំងពីរ ហើយថា រុស្ស៊ី បាន«កត់សម្គាល់»ចំពោះសំណើនេះ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បាននិយាយថា ភាគីទាំងពីរ បានផ្តោតលើប្រធានបទសំខាន់ៗចំនួនបី៖ បទឈប់បាញ់ ការដោះដូរអ្នកទោស និងលទ្ធភាពនៃកិច្ចប្រជុំកំពូលថ្នាក់ប្រធានាធិបតី នាពេលអនាគត។
