គ្រាប់បែកបានផ្ទុះឡើងនៅជិតគ្លីនិកសម្ភពមួយកន្លែងស្ថិតក្នុងទីក្រុង Palm Springs រដ្ឋ California សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សម្នាក់ និងមនុស្ស ៤នាក់ផ្សេងទៀត រងរបួស នៅក្នុងឧបទ្ទេវហេតមួយដែលក្រុម FBI ចាត់ទុកថាជាទង្វើភេរវកម្មដោយចេតនា ។
លោក Akil Davis គឺជានាយរងការិយាល័យនគរបាលក្រុង Los Angeles របស់ក្រុម FBI និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមអាជ្ញាធររកឃើញជនជាប់ដានម្នាក់ នៅក្នុងការស៊ើបអង្កេត ហើយពួកគេពុំបានស្វែងរកជនសង្ស័យផ្សេងទៀតនោះទេ ។

លោក Davis បន្តថា មនុស្សម្នាក់ត្រូវបានសម្លាប់នៅជិតរថយន្តដែលត្រូវបានបំផ្ទុះគ្រាប់បែកនៅក្រៅគ្លីនិកសម្ភព គ្រប់គ្រងដោយមន្ទីរសម្ភពអាមេរិក ។ លោកបញ្ជាក់ថា ច្បាស់ណាស់ថា នេះគឺជាទង្វើភេរវកម្មដោយចេតនា ។
ដោយឡែក លោក Ron deHarte គឺជាអភិបាលក្រុង Palm Springs ដែលមានចម្ងាយប្រហែល ១៦០គ.ម ភាគខាងកើតទីក្រុង Los Angeles និយាយថា គ្រាប់បែកត្រូវបានបំផ្ទុះមុនម៉ោង ១១ព្រឹកម៉ោងក្នុងស្រុក នៅជិតរថយន្តដែលចតក្រៅគ្លីនិកសម្ភព ៕
