កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកនឹងនិយាយគ្នាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃចន្ទស្អែកនេះ ពាក់ព័ន្ធនឹងការបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ហើយក្រោយមកលោកនឹងនិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ។
ការសន្ទនានេះ នឹងកើតមានឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយជំនួបកាលពីថ្ងៃសុក្រនៅប្រទេសទួរគី រវាងក្រុមមន្រ្តីមកពីប្រទេសទាំង ២ ។

មន្រ្តីជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែនដែលនៅស្និតនឹងជំនួបកាលពីថ្ងៃសុក្រ និយាយថា ក្រុមចរចារុស្ស៊ីទាមទារឲ្យអ៊ុយក្រែនដកទាហានរបស់ពួកគេចេញពីតំបន់ទាំងអស់របស់អ៊ុយក្រែនដែលប្រកាសសិទ្ធិគ្រប់គ្រងដោយទីក្រុងម៉ូស្គូ មុនពេលពួកគេយល់ព្រមបទឈប់បាញ់ ។
វាគឺជាលើកដំបូងហើយដែលភាគីទាំង ២ មាននូវកិច្ចពិភាក្សាទល់មុខគ្នា ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ ពោលគឺរយៈពេលប៉ុន្មានសប្តាហ៍ ក្រោយការវាយលុកពេញបន្ទុករបស់រុស្ស៊ីលើអ៊ុយក្រែន ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម លោក Trumpនិយាយថា លោកនឹងនិយាយជាមួយលោក Putinនៅវេលាម៉ោង ១០ព្រឹកថ្ងៃចន្ទ ម៉ោងនៅសហរដ្ឋអាមេរិក ។ លោកថា កម្មវត្ថុនៃការជជែកគ្នាតាមទូរស័ព្ទនេះ គឺបញ្ឈប់ការបង្ហូរឈាម ដែលជាមធ្យមសម្លាប់ទាហានរុស្ស៊ី និងអ៊ុយក្រែនជាង ៥ពាន់នាក់ក្នុង ១សប្តាហ៍ និងបញ្ហាពាណិជ្ជកម្ម ។
លោកបន្តថា ក្រោយមកលោកនឹងនិយាយជាមួយលោក Zelenskiy និងសមាជិកផ្សេងទៀតរបស់អង្គការណាតូ ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio កាលពីថ្ងៃសៅរ៍ ហើយលោកបានស្វាគមន៍ តួនាទីវិជ្ជមានរបស់រដ្ឋអាមេរិកក្នុងការធ្វើឲ្យមានការចាប់ផ្តើមឡើងវិញកិច្ចពិភាក្សារវាងរុស្ស៊ី និងអ៊ុយក្រែន ៕

