បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងជាច្រើនរូប នឹងប្រឈមមុខគ្នានៅក្នុងការជជែកដេញដោលតាមទូរទស្សន៍ជាលើកដំបូងនៅល្ងាចថ្ងៃអាទិត្យ (១៨ ឧសភា) នេះ មុនការបោះឆ្នោតមុនអាណត្តិមួយនៅថ្ងៃទី០៣ ខែមិថុនា ខាងមុខ ដើម្បីជ្រើសរើសអ្នកស្នងតំណែងរបស់លោកអតីតប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីខែធ្នូ។
កិច្ចពិភាក្សាដេញដោលប្រធានាធិបតីនៅថ្ងៃអាទិត្យនេះ ជាការជជែកតស៊ូមតិតាមទូរទស្សន៍លើកដំបូង ក្នុងចំណោម ៣លើក ដែលគ្រោងនឹងធ្វើឡើងក្នុងពេលពីរសប្តាហ៍ខាងមុខ ហើយនឹងផ្តោតលើវិធីសាស្រ្តធ្វើឱ្យសេដ្ឋកិច្ចដែលកំពុងជួបការលំបាក ងើបឡើងវិញ ដែលជាបញ្ហាមួយក្នុងចំណោមបញ្ហាបោះឆ្នោតដ៏ក្តៅគគុក។

សេដ្ឋកិច្ចដ៏ធំបំផុតទី៤ របស់អាស៊ីមួយនេះ បានធ្លាក់ចុះនៅក្នុងត្រីមាសទី១ ដោយសារការនាំចេញ និងការប្រើប្រាស់បានជាប់គាំង ស្របពេលមានក្ដីបារម្ភពីផលប៉ះពាល់នៃពន្ធដ៏ធំរបស់ទីក្រុងវ៉ាស៊ីនតោន និងភាពចលាចលនយោបាយនៅក្នុងប្រទេស។
ក្នុងចំណោមបេក្ខជនដែលនឹងចូលរួមនៅក្នុងការជជែកតស៊ូមតិនោះ រួមមានលោក Lee Jae-myung បេក្ខជនរបស់បក្សប្រឆាំងប្រជាធិបតេយ្យដ៏សំខាន់ និងជាអ្នកនាំមុខក្នុងការប្រកួតប្រជែង ហើយនិងលោក Kim Moon-soo បេក្ខជនប្រធានាធិបតីនៃបក្សអំណាចប្រជាជនអភិរក្សនិយម។ លោក Lee ទទួលបានការគាំទ្រ ៥១% នៅក្នុងការស្ទង់មតិចុងក្រោយបង្អស់របស់ Gallup Korea ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ដោយលោក Kim ដើរតាមពីក្រោយឆ្ងាយក្នុងតួលេខ ២៩% ប៉ុណ្ណោះ៕

