វាយសី៖ ក្លិបកីឡាវាយសីក្រសួងមហាផ្ទៃបានឈ្នះមេដាយច្រើនជាងគេ នៃការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់រណៈសិរ្ស ០២-ធ្នូ លើកទី១០ ឆ្នាំ២០២១ ក្រោយដំណើរការប្រកួតរយៈពេល ២ថ្ងៃកាលពីថ្មីៗ។

យោងតាមរបាយការណ៍ៈកម្មការរៀបចំការប្រកួតព្រឹត្តិការណ៍ប្រចាំឆ្នាំនេះមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ១៦៨នាក់មកពី ១៥សមាគម/ក្លិបចូលរួម ដោយប្រកួតលើវិញ្ញាសាចំនួន ៦វិញ្ញាសាដែលមានអាយុចាប់ពី ៣០ឆ្នាំរហូតដល់ ៥៩ឆ្នាំ។ ជាលទ្ធផលនៃការប្រកួតក្រុមកីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃដណ្ដើមបានមេដាយច្រើនជាងគេសរុប ៧គ្រឿង (មាស២ ប្រាក់៤ និងសំរឹទ្ធ១)។ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈរលេខ២ ដណ្ដើមបានមេដាយសរុប ៤គ្រឿង (មាស២ និងសំរឹទ្ធ២) និងលេខ៣ ខេត្តរតនៈគិរីឈ្នះមេដាយសរុប ២គ្រឿង (មាស១ និងសំរឹទ្ធ១)៕
អត្ថបទ៖ លី ឈុនឡា