ប៉ៃលិន៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន បានជួបជាមួយភាគីទាំងសងខាង ដើម្បីសម្របសម្រួលគ្នាដោះស្រាយបញ្ចប់ទំនាស់នៅក្រៅប្រព័ន្ធតុលាការ ដោយករណីគ្រោះថ្នាក់ចរាចរណ៍នេះ មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាចំនួន៣លើក ដោយភាគីខាងរថយន្តរងគ្រោះបានជួយចូលបច្ច័យបុណ្យសព ទៅភាគីខាងម៉ូតូបង្កចំនួនបួនលានរៀល ហើយបងប្អូនសាច់ញាតិខាងម៉ូតូបង្ក បានយល់ព្រមធ្វើការផ្តិតមេដៃ តែក្រោយមកក៏មិនយល់ព្រមវិញ ដោយទាមទារសំណងទឹកប្រាក់បន្ថែមទើបយល់ព្រមបញ្ចប់រឿង ដូច្នេះដោយភាគីទាំងពីរសម្រុះសម្រួលគ្នាមិនបានមន្រ្តីជំនាញចរាចរណ៍ផ្លូវគោក ខេត្ត ក៏រៀបចំឯកសារកសាងសំណុំរឿងបម្រុងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ តែមិនទាន់មានចំណាត់ការនៅឡើយ។
រហូតមកដល់ថ្ងៃនេះ ក្រោមការសម្របសម្រួលពីសំណាក់លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ដោយអនុវត្តតាមយុទ្ធសាស្រ្ត សម្តេចតេជោ គឺនយោបាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា ភាគីម៉ូតូ និងរថយន្តតាក់ស៊ី បានឯកភាព និងស្រុះស្រួលគ្នា បញ្ចប់បញ្ហាជាស្ថាពរត្រឹមនេះ ដោយមិនមាន ការប្តឹងផ្តល់គ្នាបន្តទៀតនោះទេ ព្រមទាំងស្រលាញ់រាប់គ្នាជាបងប្អូនក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់សន្តិភាព ហើយក្នុងនោះលោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាដល់ភាគីម៉ូតូចំនួន៤លានរៀល និងភាគីរថយន្ត ចំនួន៤លានរៀលផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានមានប្រសាសន៍កោតសសើរ ដល់មន្រ្តីជំនាញចរាចរណ៍ ផ្លូវគោកខេត្ត ដែលបានអនុវត្តការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកប ដោយវិជ្ជាជីវៈ និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់ការវែកញែករកខុសត្រូវ បន្តទៀត និងសូមកុំប្រកាន់ជេរវាយប្រហារលើក្រុមគ្រួសារសពបង្កហេតុ ហើយយើងទាំងអស់គ្នាត្រូវមាន ជំហរជឿជាក់លើច្បាប់ប្រទេសយើង។
សូមរំលឹកថា កាលពីវេលាម៉ោង១៧៖១៣នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងរថយន្ត ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា លើដងផ្លូវជាតិលេខ៥៧ ស្ថិតក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បណ្ដាលឱ្យមនុស្សម្នាក់បានបាត់បង់អាយុជីវិតនៅនឹងកន្លែងកើតហេតុ៕







