ក្រសួងការបរទេសអេស្តូនី និយាយថា កាលពីថ្ងៃអាទិត្យម្សិលមិញ រុស្ស៊ីបានឃាត់ទុកនាវាដឹកប្រេង ១គ្រឿងដែលជាម្ចាស់កម្មសិទ្ធិរបស់ក្រិក ក្រោយនាវាមួយគ្រឿងនេះ ចាកចេញពីកំពង់ផែសមុទ្រខ្មៅរបស់អេស្តូនី ហើយពួកគេបានប្រកាសអាសន្នដល់សម្ព័ន្ធមិត្តអង្គការណាតូចំពោះឧបទ្ទេវហេតុនេះ ។

ក្រសួងនិយាយក្នុងសេចក្តីថ្លែងការណ៍ថា នាវាដោតទង់ជាតិលីបេរីយ៉ា Green Admire បានចាកចេញពីកំពង់ផែ Sillamae ស្ថិតក្នុងប្រទេសអេស្តូនី ដោយប្រើប្រាស់ផ្លូវទឹកកំណត់ឆ្លងកាត់ដែនទឹករុស្ស៊ី ។
រូបថតសន្លឹកឃើញនាវាធ្វើដំណើរឆ្លងកាត់សមុទ្របាល់ទិក រយៈពេល ១សប្តាហ៍មុនពេលវាត្រូវបានរុស្ស៊ីឃាត់ទុក ស្ថិតក្នុងចន្លោះកោះ Laesoe និងកោះ Anholt នៅច្រកសមុទ្រ Kattegat ។
រដ្ឋមន្រ្តីការបរទេសអេស្តូនីលោក Margus Tsahkna និយាយថា ឧបទ្ទេវហេតុនៅថ្ងៃនេះបង្ហាញថា រុស្ស៊ីបន្តប្រព្រឹត្តទង្វើមិនបានព្យាករទុកមុន ។ លោកបានជូនដំណឹងផងដែរដល់សម្ព័ន្ធមិត្តរបស់ពួកយើង ពាក់ព័ន្ធនឹងហេតុការណ៍នេះ ។
សូមបញ្ជាក់ថា បណ្តាប្រទេសនៅក្នុងតំបន់សមុទ្របាល់ទិក បានស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីដាច់ខ្សែថាមពល ការតភ្ជាប់បណ្តាញទូរគមនាគមន៍ និងបំពង់បង្ហូរឧស្ម័ន ចាប់តាំងពីរុស្ស៊ីបានវាយលុកអ៊ុយក្រែនកាលពីឆ្នាំ ២០២២ ។
យោងតាម Marine Traffic ដែលជាគេហទំព័រតាមដានវានា បានឲ្យដឹងថា នាវា Green Admire បានចាកចេញពីកំពង់ផែ Sillamae កាលពីវេលាម៉ោង ១៨ និង ៤០នាទី ម៉ោងសកលថ្ងៃសៅរ៍ ហើយនៅរសៀលថ្ងៃអាទិត្យ នាវាមួយគ្រឿងនេះ បានបោះយុថ្កានៅជិតកោះ Hogland របស់រុស្ស៊ី ។
ដោយឡែក មន្រ្តីមួយរូបរបស់រដ្ឋាភិបាលក្រិកនិយាយថា នាវាមួយគ្រឿងនេះ បានធ្វើដំណើរឆ្លងកាត់ដែនទឹករុស្ស៊ី ដើម្បីចៀសទឹករាក់ ហើយរុស្ស៊ីបានស្កាត់ចាប់ និងនាំវាទៅកាន់កន្លែងសុវត្ថិភាព ដើម្បីធ្វើការផាកពិន័យ ៕
