បណ្ដាមេដឹកនាំហិរញ្ញវត្ថុមកពីក្រុមប្រទេសប្រជាធិបតេយ្យឧស្សាហកម្មទាំងប្រាំពីរ ឬហៅថា G7 នឹងខិតខំស្វះស្វែងរកការឯកភាពលើបញ្ហា "មិនយកពន្ធ" នៅពេលដែលក្រុមមន្រ្តីជួបប្រជុំគ្នាក្នុងកាណាដា នាសប្តាហ៍នេះ ប៉ុន្តែប្រហែលជាពិបាកឈានដល់ការឯកភាពជាឯកច្ឆ័ន្ទណាស់ ជាមួយនឹងចេតនារបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ក្នុងការជំរុញសម្ព័ន្ធមិត្តឱ្យបម្រើផលប្រយោជន៍អាមេរិក។

ក្រុមមន្ត្រី G7 និងអ្នកជំនាញការទូតសេដ្ឋកិច្ចបាននិយាយថា សមាជិក G7 ចំនួន ៦ផ្សេងទៀត ក្រៅពីសហរដ្ឋអាមេរិក ពោលគឺជប៉ុន អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី និងម្ចាស់ផ្ទះកិច្ចប្រជុំកាណាដា ចង់រក្សាសម្ព័ន្ធគោលនយោបាយលោកខាងលិចដ៏មានឥទ្ធិពលមួយនេះមិនឱ្យបែកបាក់គ្នា ជុំវិញការដំឡើងពន្ធរបស់លោក Trump និងការបញ្ច្រាសគោលនយោបាយអាមេរិកធំៗលើបម្រែបម្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការពន្ធសកល និងរឿងអ៊ុយក្រែនជាដើម។

ទាំងអស់នោះបង្ហាញថា កិច្ចប្រជុំ G7 ដែលធ្វើឡើងចាប់ពីថ្ងៃអង្គារ (២០ ឧសភា) ដល់ថ្ងៃព្រហស្បតិ៍ (២២ ឧសភា) សប្ដាហ៍នេះ ប្រហែលជាត្រូវការភាសាទំនាក់ទំនងមិនសូវជាក់លាក់ និងការជៀសវាងប្រធានបទរសើបមួយចំនួន។ ប្រភពសង្ខេបពីជំហរអាមេរិកក្នុងកិច្ចពិភាក្សា បាននិយាយថា ការឯកភាពណាមួយក្នុងសេចក្ដីថ្លែងការណ៍រួម ត្រូវតែដើរឱ្យស្របគ្នានឹងអាទិភាពរបស់រដ្ឋបាលលោក Trump។

គួរឱ្យដឹងថា សមាជិក G7 សុទ្ធតែជួបភាពតានតឹងពន្ធជាមួយទីក្រុងវ៉ាស៊ីនតោន ដោយជប៉ុន អាល្លឺម៉ង់ បារាំង និងអ៊ីតាលី បានប្រឈមពន្ធទ្វេដងនៃការនាំចូលទៅអាមេរិក ដល់ ២០% ឬច្រើនជាងនេះនៅដើមខែកក្កដា។ ចក្រភពអង់គ្លេស បានចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមានកំណត់ ដែលបន្សល់ទុកពន្ធ ១០% របស់អាមេរិក លើទំនិញភាគច្រើន ហើយម្ចាស់ផ្ទះកាណាដា នៅតែជួបការលំបាកជាមួយពន្ធ ២៥% ដាច់ដោយឡែករបស់លោក Trump លើការនាំចេញជាច្រើន៕
