បាល់ទាត់៖ ក្រុមម្ចាស់ផ្ទះសិង្ហបុរីបានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Championship ហើយក្រោយជ័យជំនះលើទីម័រឡេស្តេ ២-០។ ចាប់ផ្តើមបានតែ ៤នាទីសិង្ហបុរីរកបានគ្រាប់នាំមុខទៅហើយដោយ Adam Swandi តែគ្រាប់ទីពីរត្រូវរង់ចាំដល់វគ្គទី២ នាទីទី៧០ ដោយគ្រាប់បាល់របស់ Shakir Hamzah និងជាគ្រាប់ចុងក្រោយផងដែរក្នុងការប្រកួតនេះ ធ្វើឱ្យសិង្ហបុរីយកឈ្នះទីម័រដោយលទ្ធផល ២-០។
គ្រូបង្វឹកសិង្ហបុរីលោក Tatsuma Yoshida និយាយថា ទីម័រធ្វើបានល្អណាស់ប្រកួតនេះ តែក៏សរសើរកូនក្រុមរបស់លោកដែលរកបាន ២គ្រាប់ជាជ័យជំនះដ៏មានសារសំខាន់ នាំក្រុមសិង្ហបុរីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលខកខានច្រើនព្រឹត្តិការណ៍មកហើយ។ រីឯគ្រូបង្វឹកទីម័រលោក Bruno Maciel ថ្វីបើបរាជ័យតែលោកចាត់ទុកថាជាប្រកួតដ៏ល្អមួយសំរាប់ទីម័រ ដែលបានដាក់បញ្ចូលកីឡាករចាស់បំផុតត្រឹមអាយុ ២៣ឆ្នាំ និងមានកីឡាករអាយុ ១៧ឆ្នាំពីរនាក់ផងដែរ។ ជ័យជំនះនេះបានធ្វើឱ្យសិង្ហបុរីកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Championship ២០២០ នេះតាំងពីឆ្នាំ២០១២ ដែលឈ្នះជើងឯក។ នៅសល់មួយប្រកួតចុងក្រោយក្នុងពូល ថៃនឹងត្រូវជួបជាមួយសិង្ហបុរីដើម្បីបញ្ជាក់ថា ក្រុមណាជាម្ចាស់ពូល A នេះ៕
អត្ថបទ៖នាង សុភាវុធ