នៅពេលលោក Abdelaziz Ali បានវិលត្រឡប់ទៅពិនិត្យមើលសាលារៀនបឋមសិក្សាដែលលោកបានធ្វើការនៅមុនពេលសង្គ្រាមនៅស៊ូដង់ លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោកបានឃើញគ្រាប់មិនទាន់ផ្ទុះ នៅក្រោមគំនរក្រណាត់ចាស់ៗ។ គ្រាប់រំសេវ និងមីស៊ីល រាយប៉ាយនៅពាសពេញផ្លូវ លំនៅឋាន សាលារៀន និងហាងនានា នៅទូទាំងរដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់។
តើខ្ញុំមិនខ្លាចយ៉ាងដូចម្តេចទៅ? ខ្ញុំបានឃើញកេសពីរពេញដោយគ្រាប់រំសេវ គ្រាប់រ៉ុក្កែតRPG និងគ្រឿងផ្ទុះផ្សេងទៀត ហើយនេះគឺជាសាលារៀន ជាសាលារៀនសម្រាប់កុមារ។
ក្រុមបោសសម្អាតរបស់ប្រទេសស៊ូដង់ និងអង្គការសហប្រជាជាតិ កំពុងព្យាយាមធ្វើឱ្យអ្វីៗសម្រាប់សុវត្ថិភាព។ ប៉ុន្តែពួកគេនិយាយថា ពួកគេត្រូវការបុគ្គលិកនិងមូលនិធិបន្ថែមទៀត ជាពិសេសចាប់តាំងពីការកាត់ជំនួយរបស់សហរដ្ឋអាមេរិកដែលបានធ្វើឡើងដោយរដ្ឋបាលរបស់លោក Trump។
ក្មេងជំទង់ Muazar Monzir អាយុ១៦ឆ្នាំបានបាត់បង់ដៃឆ្វេងរបស់គាត់ និងបានរងរបួសធ្ងន់ធ្ងរ នៅពេលដែលគ្រាប់បានផ្ទុះ ខណៈគ្រួសាររបស់គាត់កំពុងបោសសម្អាតកម្ទេចថ្មនៅក្នុងផ្ទះនៅលើកោះ Tuti ក្នុងទីក្រុង Khartoum ។
ពូរបស់គាត់និយាយថា «គាត់កំពុងអង្គុយលើកៅអី ហើយវាបានផ្ទុះដោយគ្មានការឲ្យដឹងជាមុន។ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនជាតិរបស់ប្រទេសស៊ូដង់ បាននិយាយថា គ្រាប់មិនទាន់ផ្ទុះជាង ១២.០០០គ្រាប់ ត្រូវបានបំផ្លាញក្នុងអំឡុងពេលសង្រ្គាម។ ហើយ៥.០០០គ្រាប់ ផ្សេងទៀតបានរកឃើញចាប់តាំងពីប្រតិបត្តិការត្រូវបានពង្រីកចូលទៅក្នុងទឹកដីដែលទើបនឹងដណ្តើមយកបានមកវិញ។ យ៉ាងហោចណាស់ជនស៊ីវិល១៦នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួសនៅក្នុងការផ្ទុះគ្រាប់រំសេវក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែចំនួនពិតប្រាកដត្រូវបានគេបារម្ភថានឹងកើនឡើងខ្ពស់ជាងនេះ។