អាជ្ញាធរពីនាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងបង្ការគ្រោះមហន្តរាយ ក្រោមក្រសួងកសិកម្ម និងបរិស្ថានរបស់វៀតណាម បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៩នាក់ បានស្លាប់ និង ៧នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដីជាច្រើនថ្ងៃនៅតាមបណ្ដាខេត្តភាគខាងជើងប្រទេសវៀតណាម។

ខេត្ត Lai Châu រាយការណ៍ថាមានមនុស្សស្លាប់ ៥នាក់ និងរបួស ៤នាក់ ខណៈខេត្ត Bắc Kạn បញ្ជាក់ថា មានមនុស្សស្លាប់ ៤នាក់ និងរបួស ៣នាក់។ បន្ថែមពីលើចំនួនអ្នកស្លាប់ ការខូចខាតយ៉ាងទូលំទូលាយក៏ត្រូវបានកត់ត្រាទៅលើលំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ ដំណាំ និងសត្វចិញ្ចឹម។

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករធនធានជលសាស្ត្ររបស់វៀតណាម បានព្រមានពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅទូទាំងតំបន់ភាគខាងជើង រួមទាំងតំបន់ Tuyên Quang ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែឧសភា នេះ ជាមួយនឹងកម្រិតទឹកភ្លៀងត្រូវបានរំពឹងថានឹងឡើងដល់ ១០០-២៥០ មីលីម៉ែត្រ ដោយតំបន់ខ្លះទំនងជាលើសពី ៣៥០មីលីម៉ែត្រ។

គួរឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតជាង១០០មីលីម៉ែត្រ រយៈពេលបីម៉ោង គឺគ្រប់គ្រាន់អាចបង្កឱ្យមានទឹកជំនន់យ៉ាងគំហុក បំណាក់ដី និងការជន់លិចនៃតំបន់ទំនាប និងតំបន់ដែលមានប្រជាជនរស់នៅច្រើន។ អាជ្ញាធរមូលដ្ឋានត្រូវបានណែនាំឱ្យកំណត់តំបន់ដែលមានហានិភ័យខ្ពស់ និងរៀបចំសម្រាប់ការជម្លៀសប្រជាជនដែលអាចកើតឡើង៕