លោកឧត្តមសេនីយ៍ទោ Mohammad Bagheri អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានប្រកាសថា ប្រសិទ្ធភាពនៃប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះ មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ ដោយបានព្រមានថា សកម្មភាពឈ្លានពានណាមួយ នឹងធ្វើឲ្យមានការខូចខាតយ៉ាងធំធេង ដល់សត្រូវ។

លោក Bagheri បាននិយាយតាមទូរទស្សន៍និងវិទ្យុរដ្ឋអ៊ីរ៉ង់ថា៖«ប្រសិទ្ធភាពនៃសមាសធាតុប្រយុទ្ធការពារដែនអាកាស រួមទាំងមធ្យោបាយស្ទាក់ចាប់ និងកម្ទេចគោលដៅនៅលើអាកាស បានកើនឡើងពី ២ ទៅ៣ ដង។ ការពង្រឹងនេះ អនុវត្តចំពោះទាំងប្រព័ន្ធមីស៊ីលតម្រង់គោលដៅ និងប្រព័ន្ធរយៈចម្ងាយខ្លី។ ប្រព័ន្ធគ្រប់គ្រងសមរភូមិ មានប្រតិបត្តិការពេញលេញ និងផ្តល់ការសម្របសម្រួលពេលវេលាជាក់លាក់របស់កងទ័ពការពារដែនអាកាស។ លោកបានសង្កត់ធ្ងន់ថា៖«កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ រក្សាការត្រៀមខ្លួនប្រយុទ្ធ ១០០ ភាគរយ»។
យោងតាមនាយអគ្គសេនាធិការកងទ័ពអ៊ីរ៉ង់រូបនេះ បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ «ចំនួនរ៉ាដា និងប្រព័ន្ធចាប់សញ្ញា បានកើនឡើងរហូតដល់ ៥ដង ដែលបង្កើនសមត្ថភាពយ៉ាងខ្លាំង ក្នុងការចាប់ និងតាមដានសកម្មភាពរបស់សត្រូវ»។
អង្គភាពការពារដែនអាកាសរបស់អ៊ីរ៉ង់ នៅតែស្ថិតក្នុងការប្រុងប្រយ័ត្នជានិច្ច ដោយធ្វើការហ្វឹកហ្វឺនយ៉ាងទៀងទាត់ ដែលធានាបាននូវការត្រៀមខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងណាមួយ បានភ្លាមៗ។
លោក Bagheri បានសន្និដ្ឋានថា៖«ការបំពានណាមួយនៃដែនអាកាសរបស់អ៊ីរ៉ង់ នឹងបណ្តាលឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់សត្រូវ។ ជាការពិត ការខាតបង់ពីការឈ្លានពានបែបនេះ នឹងលើសពីផលប្រយោជន៍យុទ្ធសាស្ត្រណាមួយ ដែលសត្រូវរំពឹងថា នឹងទទួលបាននោះ»។
