ប្រទេសទួរគីកាលពីថ្ងៃចន្ទ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ដោយអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការវាយលុក និងការផ្ដល់ជំនួយមនុស្សធម៌ យ៉ាងរហ័ស ទៅកាន់ទឹកដីដែលត្រូវបានឡោមព័ទ្ធនេះ។
ក្រសួងការបរទេសទួរគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នៅពេលដែលការចរចា កំពុងដំណើរការ ប្រតិបត្តិការថ្នើរជើងដ៏ទូលំទូលាយរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីសម្រេចបានសន្តិភាព និងស្ថិរភាព។

ក្រសួងបានបញ្ជាក់ឡើងវិញនូវការអំពាវនាវរបស់ខ្លួន ឲ្យបញ្ចប់ជាបន្ទាន់ចំពោះប្រតិបត្តិការយោធាទាំងអស់ ដោយជំរុញឲ្យមានជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា និងបទឈប់បាញ់ជាបន្ទាន់។
ទីក្រុងអង់ការ៉ាបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹងបន្ថែមទៀត។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖«វាមានសារៈសំខាន់បំផុតសម្រាប់សហគមន៍អន្តរជាតិ ក្នុងការចាត់វិធានការប្រកបដោយប្រសិទ្ធភាព និងយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអ៊ីស្រាអែល ដើម្បីធានាសន្តិភាព និងសន្តិសុខក្នុងតំបន់។ យើងអំពាវនាវឲ្យសហគមន៍អន្តរជាតិ ចាត់វិធានការស្របតាមកាតព្វកិច្ចផ្លូវច្បាប់ និងមនុស្សធម៌» ។
អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបានបើកការលុកលុយដីដ៏ធំមួយ ចូលទៅក្នុងតំបន់ជាច្រើននៃតំបន់ហ្កាហ្សាស្ទ្រីប ដែលជាដំណាក់កាលថ្មីមួយ នៅក្នុងជម្លោះរបស់ខ្លួន ជាមួយក្រុមហាម៉ាស។
