កីឡាករប្រណាំងកង់សញ្ជាតិប៊ែលហ្ស៊ិក Wout van Aert បានប្រជែងឈ្នះដំណាក់កាលទី ៩ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d’Italia ខណៈអ្នកនាំមុខក្នុងតារាងវេលារួមផ្លាស់ប្តូរមកជាកីឡាករម៉ិកស៊ិក Isaac del Toro។
ដំណាក់កាលទី ៩ ដែលមានចំងាយផ្លូវ ១៨១ គីឡូម៉ែត្របញ្ចប់នៅទីក្រុង Siena កីឡាកររបស់ក្រុម Visma-Lease a Bike, Wout van Aert បានចំណាយពេល ៤ ម៉ោង ១៥ នាទី ៨ វិនាទីដើម្បីមកដល់ទីព្រ័ត្រ តាមពីក្រោយដោយ Isaac del Toro ក្នុងថេរវេលាដូចគ្នា ខណៈលេខបីបានទៅកីឡាករអ៊ីតាលី Giulio Ciccone យឺតជាង ៥៨ វិនាទី។
តាមរយៈការបញ្ចប់នៅចំណាត់ថ្នាក់លេខពីរក្នុងដំណាក់កាលទី ៩ នេះ កីឡាកររបស់ក្រុម UAE Team Emirate, Isaac del Toro បានឡើងមកកាន់កាប់ក្នុងតារាងវេលារួមនាំមុខគេដោយមានវេលាសរុប ៣៣ ម៉ោង ៣៦ នាទី ៤៥ វិនាទី នាំមុខដាច់ ១ នាទី ១៣ វិនាទីពីកីឡាករអេស្ប៉ាញ Juan Ayuso និងលេខបីកីឡាករអ៊ីតាលី Antonio Tiberi យឺតជាង ១ នាទី ៣០ វិនាទី។
សម្រាប់ដំណាក់កាលទី ១០ ថ្ងៃអង្គារនេះមានចំងាយផ្លូវត្រឹម ២៨.៦ គីឡូម៉ែត្រប៉ុណ្ណោះ ដែលជាដំណាក់កាលប្រណាំងយកថេរវេលាផ្ទាល់ខ្លួន៕
អត្ថបទ៖នាង សុភាវុធ