ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានលើកឡើងថា ការទាមទាររបស់សហរដ្ឋអាមេរិក ដែលតម្រូវឲ្យទីក្រុងតេអេរ៉ង់ ជៀសវាងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គឺជារឿង «ហួសហេតុ និងគួរឲ្យហួសចិត្ត» ដោយបង្ហាញក្ដីសង្ស័យថា តើកិច្ចចរចានុយក្លេអ៊ែរ នឹងនាំទៅរកកិច្ចព្រមព្រៀងបានដែរ ឬទេ។
លោក Khamenei បាននិយាយថា៖ «ខ្ញុំមិនគិតថា កិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនឹងនាំឲ្យកើតលទ្ធផលនោះទេ។ ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងទេ»។ លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនគួរតែបញ្ឈប់ការទាមទារដ៏គួរឲ្យហួសចិត្តបែបនេះ នៅក្នុងកិច្ចចរចា។

បើទុកជាមានការរំពឹងទុកថា ការចរចាជុំទី៥ អាចនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក៏កិច្ចចរចានុយក្លេអ៊ែរកំពុងស្ថិតក្នុងភាពរង្គោះរង្គើ ខណៈដែលទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានប៉ះទង្គិចគ្នា ជុំវិញបញ្ហាចម្រាញ់សារធាតុនុយក្លេអ៊ែរ។
អនុរដ្ឋមន្ត្រីការបរទេស លោក Majid Takht-Ravanchi កាលពីថ្ងៃចន្ទ (ទី១៩ ខែឧសភា) បាននិយាយថា កិច្ចពិភាក្សានឹងបរាជ័យ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ទទូចថា ទីក្រុងតេអេរ៉ង់ ត្រូវបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ក្នុងប្រទេស ដែលសហរដ្ឋអាមេរិកលើកឡើងថា ជាផ្លូវដែលអាចឆ្ពោះទៅរកការអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរ។ ទីក្រុងតេអេរ៉ង់ ប្រាប់ថា កម្មវិធីថាមពលនុយក្លេអ៊ែររបស់ខ្លួន មានគោលបំណងសន្តិភាពទាំងស្រុង។
នៅព្រឹកថ្ងៃអង្គារ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ម្នាក់ទៀត លោក Kazem Gharibabadi បាននិយាយថា ទីក្រុងតេអេរ៉ង់បានទទួល និងកំពុងពិនិត្យមើលសំណើពីសហរដ្ឋអាមេរិក។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ទីក្រុងតេអេរ៉ង់ ចាំបាច់ត្រូវ «ចាត់វិធានការឲ្យបានឆាប់រហ័ស ឬបើមិនដូច្នោះទេ រឿងអាក្រក់នឹងកើតឡើង»។
ប្រធានាធិបតីអាមេរិក បានព្រមានម្តងហើយម្តងទៀតថា អ៊ីរ៉ង់នឹងរងការទម្លាក់គ្រាប់បែក ហើយប្រឈមនឹងទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើខ្លួនមិនឈានដល់ការសម្របសម្រួល ដើម្បីដោះស្រាយកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាសរបស់ខ្លួនទេនោះ៕
