ក្រុមអាជ្ញាធរសុខភាពហ្កាហ្សា និយាយថា នៅថ្ងៃអង្គារនេះ រថក្រោះអ៊ីស្រាអែលត្រូវបានមើលឃើញបើកចូលទៅកាន់តំបន់ហ្កាហ្សាស្រ្ទីបនៅថ្ងៃតែមួយដែលការវាយប្រហារតាមច្រកអាកាស បានសម្លាប់ជនប៉ាឡេស្ទីន ៥០នាក់ នៅតំបន់ហ្កាហ្សា ។
អ៊ីស្រាអែលបន្តការទម្លាក់គ្រាប់បែករបស់ពួកគេ បើទោះបីជាមានសម្ពាធអន្តរជាតិកើនឡើង ឲ្យបញ្ឈប់ប្រតិបត្តិការសឹក និងអនុញ្ញាតឲ្យជំនួយចូលក្នុងតំបន់ហ្កាហ្សាដោយគ្មានការរារាំងក៏ដោយ ។
យោធាអ៊ីស្រាអែលដែលកាលពីថ្ងៃចន្ទ បានព្រមានឲ្យអ្នករស់នៅភាគខាងត្បូងទីក្រុង Khan Younis ជម្លៀសចេញទៅកាន់តំបន់ឆ្នេរ ស្របពេលដែលពួកគេត្រៀមបើកការវាយប្រហារទ្រង់ទ្រាយធំពុំធ្លាប់មានពីមុននោះ ពុំបានធ្វើសេចក្តីអធិប្បាយភ្លាមៗនោះទេ ចំពោះការបញ្ជូនរថក្រោះចូលទៅក្នុងតំបន់ហ្កាហ្សានេះ ។
ក្រុមគ្រូពេទ្យបឋម និយាយថា ការវាយប្រហារនៅថ្ងៃអង្គារនេះ បានធ្វើឡើងនៅទីក្រុង Khan Younis និងនៅតាមតំបន់ភាគខាងជើងជាច្រើនទៀត រួមទាំងនៅទីក្រុង Deir al-Balah, Nuseirat, Jabalia និងទីក្រុងហ្កាហ្សា ។
ពួកគេនិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៥០០នាក់ ក្នុងរយៈពេល ៨ថ្ងៃកន្លងមកនេះ ស្របពេលដែលយុទ្ធនាការយោធា កាន់តែខ្លាំងក្លាឡើង ៕