ប្រទេសចិន បានព្រមានថា ខ្លួនអាចចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងបុគ្គល ឬអង្គភាពណាមួយដែលជួយ ឬអនុវត្តវិធានការទប់ស្កាត់របស់សហរដ្ឋអាមេរិក ដែលផ្តល់ដំបូន្មានដល់ក្រុមហ៊ុននានាប្រឆាំងនឹងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់ (បន្ទះឈីប) ពីប្រទេសចិន។
គួរឱ្យដឹងថា សហរដ្ឋអាមេរិក បានចេញផ្សាយសេចក្ដីណែនាំកាលពីសប្តាហ៍មុន ដោយនិយាយថា ក្រុមហ៊ុននានាប្រថុយនឹងការរំលោភបំពានលើការត្រួតពិនិត្យការនាំចេញ ប្រសិនបើពួកគេប្រើប្រាស់បន្ទះឈីប Ascend បញ្ញាសិប្បនិម្មិត AI ពីក្រុមហ៊ុន Huawei ដែលមានមូលដ្ឋាននៅទីក្រុង ស៊ិនជិន (Shenzhen) របស់ចិន។
ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា អាចមាន "ការទទួលខុសត្រូវផ្លូវច្បាប់តបត" ប្រឆាំងនឹងអ្នកពាក់ព័ន្ធក្នុងការអនុវត្តវិធានការរបស់សហរដ្ឋអាមេរិក ដែលខ្លួនបាននិយាយថា អាចដូចទៅនឹង "វិធានការរឹតត្បិតមិនរើសមុខ" ដែលអាមេរិក ប្រើប្រឆាំងនឹងក្រុមហ៊ុនចិន។
អ្នកនាំពាក្យក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក គោរពតាមច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងគោរពសិទ្ធិរបស់ប្រទេសដទៃទៀតក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕