ឆ្មាំជាតិអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើកន្លែងហ្វឹកហាត់បាញ់របស់យោធាអ៊ុយក្រែន បានបណ្តាលឲ្យទាហាន ៦នាក់ស្លាប់ និងយ៉ាងហោចណាស់ ១០នាក់ផ្សេងទៀត រងរបួស ក្នុងអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃអង្គារ ដោយបន្ថែមថា មេបញ្ជាការនៃអង្គភាពនេះ ត្រូវបានព្យួរការងារ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារដោយមីស៊ិលលើជំរំហ្វឹកហ្វឺន ក្នុងតំបន់ Sumy ភាគឦសានប្រទេសអ៊ុយក្រែន ក្បែរព្រំដែនរុស្ស៊ី បានសម្លាប់សមាជិកសេវាកម្មអ៊ុយក្រែនដល់ទៅ ៧០នាក់ រួមទាំងគ្រូបង្រៀន ២០នាក់ផងដែរ។

សេចក្តីថ្លែងការណ៍របស់ឆ្មាំជាតិអ៊ុយក្រែន បានឲ្យដឹងថា ការស៊ើបអង្កេតផ្ទៃក្នុង កំពុងដំណើរការ ហើយព័ត៌មានចាំបាច់ ត្រូវបានចែករំលែកជាមួយភ្នាក់ងារអនុវត្តច្បាប់។
សេចក្តីថ្លែងការណ៍ក៏បាននិយាយអំពីការវាយប្រហារលើកន្លែងហាត់បាញ់របស់អង្គភាពយោធាថា៖«ការស៊ើបអង្កេត នឹងផ្តល់នូវការវាយតម្លៃផ្លូវច្បាប់ចំពោះសកម្មភាពរបស់មនុស្សទាំងអស់ ដែលបានធ្វើការសម្រេចចិត្តពាក់ព័ន្ធ»។
