កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមហ៊ុន SpaceX របស់លោកមហាសេដ្ឋី Elon Musk បានបាញ់បង្ហោះដោយជោគជ័យផ្កាយរណបថ្មី Starlink ទៅកាន់ទីអវកាស ។
យានចម្លង Falcon 9 ត្រូវបានបាញ់ចេញពីស្ថានីយអវកាស Cape Canaveral ស្ថិតក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ដោយពាំផ្កាយរណបថ្មី Starlink ចំនួន ២៣គ្រឿង ទៅកាន់គន្លងតារាវិថី ។

ចាប់តាំងពីឆ្នាំ ២០១៩រហូតមក ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះផ្កាយរណប Starlink ប្រហែល ៨ពាន់គ្រឿង ទៅកាន់ទីអវកាស និងកៀរគរអ្នកប្រើប្រាស់អ៊ីនធឺណិតជាង ៥លាននាក់នៅទូទាំង ១២៥ប្រទេស ដោយលើកកម្ពស់ទីផ្សារទំនាក់ទំនងផ្កាយរណបសកល ហើយនិងទាក់ទាញយោធា និងទីភ្នាក់ងារចារកម្មដែលស្វែងរកការប្រើប្រាស់ផ្កាយរណប សម្រាប់ទំនាក់ទំនងសុវត្ថិភាព ។
ការដាក់ពង្រាយផ្កាយរណបរបស់ក្រុម SpaceX មានចំនួនកើនឡើងយ៉ាងហោចណាស់បេសកកម្ម Starlink ម្តងក្នុង ១សប្តាហ៍ ដែលយានចម្លង ១គ្រឿង ពាំផ្កាយរណបប្រហែល ២៤គ្រឿង ដើម្បីបង្កើនកម្រិតបញ្ជូន និងជំនួសផ្កាយរណបហួសសម័យ ៕
