នៅថ្ងៃពុធនេះ រុស្ស៊ី បានធ្វើការច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់អ៊ុយក្រែន និងអឺរ៉ុបថា ពួកគេព្យាយាមអូសបន្លាយពេលដំណើរការស្វែងរកសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែពួកគេនិយាយថា ពុំទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនោះទេចំពោះទីកន្លែងនៃជំនួប ពេលត្រូវបានគេសួរថាតើ កិច្ចចរចានេះនឹងត្រូវធ្វើម្ចាស់ផ្ទះដោយបុរីវ៉ាទីកង់ឬយ៉ាងនោះ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃចន្ទថា វានឹងក្លាយជារឿងអស្ចារ្យមួយសម្រាប់រុស្ស៊ី និងអ៊ុយក្រែន ដើម្បីរៀបចំកិច្ចប្រជុំបទឈប់បាញ់នៅបុរីវ៉ាទីកង់ ដោយលោកបញ្ជាក់ថា វានឹងបន្ថែមសារៈសំខាន់ដល់ដំណើរការនីតិវិធី ។
ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni និយាយកាលពីថ្ងៃអង្គារថា សម្តេចប៉ាប លីអូ បានមានបន្ទូលបញ្ជាក់ដល់លោកស្រីថា ទ្រង់ចង់ធ្វើជាម្ចាស់កិច្ចប្រជុំបន្ទាប់នៃកិច្ចចរចានេះ ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា រុស្ស៊ីស្វាគមន៍ការត្រៀមខ្លួន និងកិច្ចខិតខំរបស់ភាគីទាំងអស់ដែលចង់រួមចំណែកក្នុងការដោះស្រាយជម្លោះឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ប៉ុន្តែអ្វីៗនៅមិនទាន់បានសម្រេចចិត្តនោះទេចំពោះទីកន្លែងដែលជំនួបលើកក្រោយនឹងរៀបចំឡើង ៕