តាមរយៈសារបង្ហោះនៅលើ X នាថ្ងៃពុធ (ទី២១ ខែឧសភា) នេះ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានឲ្យដឹងថា នាវារុស្ស៊ី ១គ្រឿង មកពី «កងនាវាស្រមោល» ដែលគ្របដណ្ដប់ដោយទណ្ឌកម្ម បានធ្វើសកម្មភាពគួរឲ្យសង្ស័យ នៅជិតខ្សែថាមពលដែលតភ្ជាប់ប្រទេសប៉ូឡូញជាមួយស៊ុយអែត។
លោក Tusk បានបន្ថែមថា៖ «បន្ទាប់ពីមានអន្តរាគមន៍ដ៏មានប្រសិទ្ធភាពរបស់យោធារបស់យើង នាវានោះបានបើកឆ្ពោះទៅកំពង់ផែរុស្ស៊ីមួយ»។ លោកបាននិយាយថា នាវា ORP Heweliusz របស់កងទ័ពជើងទឹកប៉ូឡូញ កំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុនោះ។
ខ្សែថាមពលក្រោមសមុទ្រ ៦០០មេហ្គាវ៉ាត់ តភ្ជាប់ឆ្នេរស៊ុយអែត នៅជិតទីក្រុង Karlshamn ជាមួយទីក្រុង Ustka នៅភាគខាងជើងប៉ូឡូញ ហើយអនុញ្ញាតឲ្យបណ្តាញទាំង២ ពឹងផ្អែកលើការផ្គត់ផ្គង់ឆ្លងកាត់ព្រំដែន នៅពេលដែលអគ្គិសនីមានតម្លៃថោក នៅក្នុងប្រព័ន្ធផ្សេងទៀត។
រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បាននិយាយថា ខ្សែថាមពលនេះ គឺជាកម្មសិទ្ធិរបស់ប្រតិបត្តិករបណ្តាញអគ្គិសនីប៉ូឡូញ PSE៕