អ្នកស្រី Sabah Warsh Agha គឺជាជនប៉ាឡេស្ទីនមួយ បានអង្គុយនៅក្រៅសំពត់តង់ជាប់មាត់សមុទ្រក្នុងទីក្រុងហ្កាហ្សា ក្រោយជម្លៀសខ្លួនចេញពីទីក្រុង Sabah Warsh បន្ទាប់ពីប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់នោះ ។
អ្នកស្រី Sabah វ័យ ៦៧ឆ្នាំ និយាយថា ស្ថានភាពរបស់ពួកយើងពិតជាធ្ងន់ធ្ងរខ្លាំងណាស់ ដល់កម្រិតក្រោមសូន្យ ។ គ្មានទេម៉្សៅ គ្មានទេចំណីអាហារ គ្មានទេទឹកផឹក ។
ចំណែកឯអ្នកស្រី Umm Mustafa គឺជាជនប៉ាឡេស្ទីមួយរូបទៀតដែលស្វែករកទីជម្រកតាមតំបន់ឆ្នេរសមុទ្រដែរនោះ បាននិយាយរៀបរាប់ពីស្ថានភាពដ៏លំបាករបស់គាត់ ពេលរត់ភៀសខ្លួនទៅកាន់សង្កាត់ជិតខាងរបស់គាត់ ។ អ្នកស្រីនិយាយថា ពួកយើងគ្មានទេទីជម្រកស្នាក់នៅ ក្រោយការជម្លៀសខ្លួន ។
សំពាធអន្តរជាតិលើអ៊ីស្រាអែល បានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ស្របពេលដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បើកការវាយប្រហារថ្មីលើតំបន់ហ្កាហ្សា ។
អ៊ីស្រាអែល និយាយថា ផែនការរបស់ពួកគេគឺបង្កើនប្រតិបត្តិការយោធាប្រឆាំងក្រុមហាម៉ាស ហើយនិងគ្រប់គ្រងតំបន់ហ្កាហ្សាទាំងមូល ដែលរងភាពខ្ទេចខ្ទាំដោយសារការវាយប្រហារតាមច្រកអាកាស និងជើងគោករបស់អ៊ីស្រាអែល ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសលើតំបន់សហគមន៍អ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ ២០២៣ ។
យោងតាមការអះអាងរបស់អាជ្ញាធរសុខភាពហ្កាហ្សា បានឲ្យដឹងថា ការវាយប្រហារតាមជើងគោក និងជើងអាកាសរបស់អ៊ីស្រាអែល បានធ្វើឲ្យពលរដ្ឋស្ទើតែ ២,៣លាននាក់នៅក្នុងតំបន់ហ្កាហ្សាជម្លៀសខ្លួន ហើយនិងបានសម្លាប់មនុស្សជាង ៥៣.០០០នាក់ ៕