យោធានិយាយថា កងកម្លាំងរបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ ទី២១ ឧសភា បានបាញ់ព្រមាន ខណៈអ្នកការទូតបរទេសបានធ្វើទស្សនកិច្ចនៅតំបន់កាន់កាប់ West Bank ដោយបានសុំទោសចំពោះឧបទ្ទវហេតុនេះ បន្ទាប់ពីអាជ្ញាធរប៉ាឡេស្ទីន បានចោទប្រកាន់កងទ័ពថា «មានចេតនា» បាញ់ប្រហារទៅលើគណៈប្រតិភូ។

រូបភាពរបស់សារព័ត៌មាន AFP ពីកន្លែងកើតហេតុនៅទីក្រុង Jenin តំបន់ West Bank ដែលញឹកញាប់ជាគោលដៅនៃការវាយឆ្មក់របស់យោធាអ៊ីស្រាអែល បានបង្ហាញគណៈប្រតិភូ និងអ្នកសារព័ត៌មានអមដំណើរ កំពុងរត់គេចខណៈការបាញ់ប្រហារ ត្រូវបានលាន់ឮ។

វីដេអូមួយ ដែលត្រូវបានចេញផ្សាយដោយអាជ្ញាធរការបរទេសប៉ាឡេស្ទីន បានបង្ហាញបុរសពីរនាក់ក្នុងឯកសណ្ឋានកងទ័ពអ៊ីស្រាអែល បានភ្ជុងកាំភ្លើងទៅកាន់មនុស្សមួយក្រុម។
គ្មានអ្នករងរបួសត្រូវបានគេរាយការណ៍នៅក្នុងឧបទ្ទវហេតុនេះទេ ប៉ុន្តែវាបានធ្វើឲ្យមានការថ្កោលទោសពីជុំវិញពិភពលោក។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានជំរុញឱ្យអ៊ីស្រាអែល ទទួលខុសត្រូវចំពោះការបាញ់ប្រហារនៅជិតក្រុង Jenin ជាទីតាំងរឹងមាំរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន និងញឹកញាប់ជាគោលដៅនៃការវាយឆ្មក់របស់អ៊ីស្រាអែល។
អ្នកការទូតអឺរ៉ុបម្នាក់ បាននិយាយថា ក្រុមរបស់ខ្លួនបានទៅកាន់តំបន់West Bank ដើម្បីពិនិត្យមើលការបំផ្លិចបំផ្លាញ ដែលបណ្តាលមកពីប្រតិបត្តិការជាច្រើនខែរបស់អ៊ីស្រាអែល។