យោងតាមប្រភពមួយបានឱ្យដឹងថា មនុស្សពីរនាក់ដែលត្រូវបានគេជឿថាមានទំនាក់ទំនងជាមួយស្ថានទូតអ៊ីស្រាអែលនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ត្រូវបានបាញ់កាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ ។ ប្រភពពីមន្ត្រីអនុវត្តច្បាប់បានប្រាប់ទូរទស្សន៍ CNN ថា មនុស្សពីរនាក់ត្រូវបានសម្លាប់ ហើយយ៉ាងហោចណាស់ម្នាក់ ក្នុងចំណោមពួកគេ ត្រូវគេជឿថាមានទំនាក់ទំនងជាមួយស្ថានទូតនោះ។
នគរបាលទីក្រុងវ៉ាស៊ីនតោនឌីស៊ី និយាយថា ពួកគេកំពុងស៊ើបអង្កេតការបាញ់ប្រហារនៅតាមផ្លូវពីការិយាល័យ FBI របស់ទីក្រុង Washington ។ សារមន្ទីរជ្វីស(Capital Jewish) ក៏មានទីតាំងនៅក្បែរនោះដែរ។ ស្ថានទូតអ៊ីស្រាអែល កំពុងធ្វើការជាមួយមន្ត្រីអនុវត្តច្បាប់។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Danny Danon បានប្រតិកម្មចំពោះរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីការបាញ់ប្រហារកាលពីថ្ងៃពុធ ដោយនិយាយក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គម X ថា ការបាញ់ប្រហារដ៏សាហាវបានកើតឡើងនៅខាងក្រៅព្រឹត្តិការណ៍ដែលបានកើតឡើងនៅសារមន្ទីរជ្វីស (Jewish) ក្នុងទីក្រុង Washington, DC សហរដ្ឋអាមេរិក ដែលបុគ្គលិកស្ថានទូតអ៊ីស្រាអែលបានរងរបួសផងដែរ គឺជាទង្វើដ៏ស្អប់ខ្ពើមនៃអំពើភេរវនិយមប្រឆាំងជ្វីស។
អ្នកនាំពាក្យស្ថានទូតអ៊ីស្រាអែល បានប្រាប់ទូរទស្សន៍ CNN ថា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលមិនជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុនេះទេ ហើយពុំបាននៅទីតាំងនោះទេ នៅពេលការបាញ់ប្រហារបានកើតឡើង។
នគរបាល កំពុងណែនាំមនុស្សឱ្យជៀសវាងទៅក្បែរតំបន់នេះ នៅភាគពាយ័ព្យទីក្រុង Washington, DC ៕