ក្នុងអំឡុងពេលចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ក្រោមប្រធានបទ «ពិភពលោករួមគ្នាតែមួយ ដើម្បីសុខភាព One World for Health» ចាប់ពីថ្ងៃទី១៩ និងបន្តរហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត Juan Pablo នាយកសកលផ្នែកសុខភាព នៃធនាគារពិភពលោក និងជានាយកផ្នែកហិញ្ញវត្ថុសកល សម្រាប់ស្រ្តី កុមារ និងយុវវ័យប្រចាំនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តមស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក ដែលបានឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលកម្ពុជាកន្លងមក ជាពិសេសកម្មវិធីលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល កម្មវិធីអាហារូបត្ថម្ភ ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង និងការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងការបណ្តុះបណ្តាលមុនពេលបំពេញការងារ។
លោកវេជ្ជបណ្ឌិត Juan Pablo បានសម្តែងនូវការកោតសរសើរដល់កម្ពុជា ដែលតែងតែសហការយ៉ាងជិតស្និទ្ធ និងគាំទ្រធនាគារពិភពលោក ក្នុងការជំរុញលើកកម្ពស់សេវាសុខាភិបាលកម្ពុជា ព្រមទាំងប្តេជ្ញាបន្តឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា៕ អត្ថបទ រដ្ឋា






