បណ្ដាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានចុះហត្ថលេខាកាលពីថ្ងៃពុធ (២១ ឧសភា) លើមូលនិធិទិញសព្វាវុធដ៏ធំថ្មីមួយ ដែលបង្កើតឡើងយ៉ាងឆាប់រហ័សដើម្បីផ្តល់ឥណទានចំនួន ១៥០ពាន់លានអឺរ៉ូ (១៧០ ពាន់លានដុល្លារ) សម្រាប់គម្រោងការពារជាតិ ដែលជំរុញដោយការភ័យខ្លាចពីលទ្ធភាពនៃការវាយប្រហាររបស់រុស្ស៊ី និងការសង្ស័យពីការប្ដេជ្ញាការពាររបស់អាមេរិក នៅទ្វីបអឺរ៉ុប នាពេលអនាគត។
គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បានស្នើមូលនិធិនោះកាលខែមីនា ខណៈក្ដីបារម្ភបានកើនឡើងក្នុងចំណោមមេដឹកនាំអឺរ៉ុប ដែលថាពួកគេមិនប្រាកដចិត្តទៀតឡើយថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នឹងការពារពួកគេពីការវាយប្រហារណាមួយ។

ដោយប្រឈមនឹងការព្រួយបារម្ភចំពោះការវាយលុករបស់រុស្ស៊ី លើអ៊ុយក្រែន និងការភ័យខ្លាចថាពួកគេអាចជាគោលដៅបន្ទាប់របស់ទីក្រុងមូស្គូ បណ្ដាប្រទេសសហភាពអឺរ៉ុបបានបង្កើនការចំណាយលើវិស័យការពារជាតិច្រើនជាង ៣០% ក្នុងបីឆ្នាំចុងក្រោយនេះ ប៉ុន្តែមេដឹកនាំអឺរ៉ុបនិយាយថាមិនគ្រប់គ្រាន់ទេ។
គំនិតផ្តួចផ្តើមរបស់ប្លុកអឺរ៉ុប ដែលត្រូវគេស្គាល់ថាជាសកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប (SAFE) ស្វះស្វែងរកការបំបែករបាំងជាតិ ដោយផ្តល់ហិរញ្ញប្បទានដល់គម្រោងរួមគ្នារវាងបណ្តាប្រទេសអឺរ៉ុប និងមានឃ្លា "ទិញពីអឺរ៉ុប" ដ៏រឹងមាំ ដែលមានគោលបំណងជំរុញឧស្សាហកម្មការពាររបស់ទ្វីប៕

